នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៦នេះ ខ្ញុំបានចូលរួមជាអធិបតីក្នុងពិធីចាក់បេតុងភ្ជាប់មុខតំណ ស្ពានកោះធំ (ឆ្លង កាត់ទន្លេបាសាក់) ប្រវែង ៤១៥ ម៉ែត្រ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ស្ពានកោះធំថ្មីនេះមានប្រវែងសរុប ៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១៩.៣៩ លានដុល្លារ អាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន

រួមជាមួយថវិកាបដិភាគរាជ រដ្ឋាភិបាលកម្ពុជាប្រមាណជា ២.៨លានដុល្លារអាមេរិក។ ស្ពានមានទីតាំងចាប់ពីត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ស្ថិតលើផ្លូវជាតិ លេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ តភ្ជាប់ពីផ្លូវជាតិលេខ២១ ពីត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ ដែលជាផ្លូវប្រប មាត់ទន្លេនៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ ស្ពាននេះនឹងសាងសង់ហើយ នៅចុងឆ្នាំ ២០១៦នេះ។ ខ្ញុំសូមអរគុណមិត្តចិនដែលបានកសាងស្ពានធំៗបែបនេះ ចំនួន៧ដល់កម្ពុជា។ យើងសង្ឃឹមថាមិត្តភាព និង សហប្រតិ បត្តិការកម្ពុជាចិនគឺរឹងមាំដូចបេតុងស្ពាននេះដ៏រឹងមាំនេះ។ ស្ពានថ្មីនេះនឹងជួយកាត់ បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងការចំណាយផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋអធ្យាស្រ័យ និងយោគយល់ក្នុងពេលយើងកំពុងបន្តស្ថាបនាពង្រីកស្ពាន និងផ្លូវលេខ២១។ ពេលនេះយើងមានផ្លូវស្ពានធំទូលាយល្អៗ សូមបងប្អូននិងអាជ្ញាធរចូលរួមថែរក្សាស្ពានដើម្បីយើងប្រើប្រាស់បានយូរ និងសូមបើកបរគោរពច្បាប់ចរាចរណ៍ ពាក់ខ្សែក្រវ៉ាត់ និងពាក់មួយកសុវត្ថិភាព ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ជាមួយ គ្នានេះដែរ យើងក៏កំពុងបើកយុទ្ឋនាការបិទផ្លាកសញ្ញាសុវត្ថិភាពដល់រឺម៉ក រទេះសេះនិងគោយន្តជាដើម។សូមបងប្អូនជនរួមជាតិចូលរួមទាំងអស់គ្នានៅទូទាំង ប្រទេស៕