នៅល្ងាចថ្ងៃទី ៦ ខែ សីហា ដដែលនេះ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត រួចមក សម្តេចតេជោ បានអញ្ជើញទៅទទួលពានរង្វាន់សមិទ្ឋផលអាស៊ានមួយជីវិត ពីវិទ្យាស្ថានយុទ្ឋសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះជនរួមជាតិ ភរិយាជាទីស្រឡាញ់ បុត្រា បុត្រី ចៅប្រុសចៅស្រី ដែលតែងតែគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ សម្តេចតេជោ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសពានរង្វាន់នេះ ថ្វាយដល់អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រ និង សម្តេចម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ពានរង្វាន់នេះគឺជាមោទនៈភាព និងជោគជ័យរបស់ប្រជាជាតិកម្ពុជាទាំងអស់គ្នា ៕