ថ្ងៃនេះបន្ទាប់ពីបានបញ្ចប់ការសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងខេត្តកែបរួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបន្តដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទីនេះ។

ចំពោះផ្សារខេត្តព្រះសីហនុដែលឆេះពីមុន ហើយដែលសម្តេចតេជោបានជួយសាងសង់ គឺអាជ្ញាធរខេត្តត្រូវធ្វើលិខិតផ្លូវការបញ្ជាក់ជូនបងប្អូនអាជីវករទាំងអស់អោយពួកគាត់លក់ដូរជារៀងរហូតតកូនតចៅ។ ខេត្តព្រះសីហនុ គឺជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់បន្ទាប់ពីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ខេត្តនេះគឺពឹងអាស្រ័យវិស័យសេវាកម្មជាច្រើនប្រមាណ (៧០%) រួមទាំងសេវាទេសចរណ៌ ឧស្សាហកម្ម និង ការដឹកជញ្ជូន ដោយសារយើងមានកំពង់ផែ។ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង គឺបាននាំមកនូវសន្តិភាពពេញលេញ និងការរីកចម្រើននៅទូទាំងខេត្តព្រះសីហនុ។ ចំពោះគម្រោងចិញ្ចឹមត្រីដែលស្នើដោយក្រុមហ៊ុនឯកជន ប្រសិនបើប៉ះពាល់ដល់ការប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋគឺមិនអនុញ្ញាតអោយទេ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានលើកអំពីករណីកងពលតូចអន្តរាគមន៌លេខ ៧០ ដែលប៉ះពាល់ដល់ដីធ្លីប្រជាពលរដ្ឋនៅខេត្តកំពត គឺសាម៉ីអង្គភាពត្រូវពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋមិនអោយប៉ះពាល់ដីធ្លីពួកគាត់។ មន្រ្តីយើងត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ ធនធានត្រី ព្រៃលិចទឹក និងការពារដែនកោះ ដែនសមុទ្រអោយបានរឹងមាំល្អ។ ចំពោះការស្នើសុំដីសម្រាប់អង្គភាពយោធានីមួយៗ គឺត្រូវឈប់ចាប់ពីថ្ងៃនេះ។ គ្រប់កងពលទាំងអស់ហាមសុំដីបន្តទៅទៀត ហើយត្រូវពិនិត្យនិង ចុះបញ្ជីសារពើព័ន្ធដីរបស់រដ្ឋអោយបានត្រឹមត្រូវកុំអោយធ្លាក់ទៅលើដៃឯកជនមួយចំនួន។ ហើយម៉្យាងវិញទៀត នៅខេត្តព្រះសីហនុគឺត្រូវត្រួតពិនិត្យបញ្ហាបូមខ្សាច់ផងដែរ ព្រោះអាចធ្វើអោយជម្រេលបាក់ធ្លាក់បណ្តាលអោយបាក់ខូចឆ្នេរ។ ចំពោះគម្រោងវិនិយោគកោះដែលគ្មានសកម្មភាព គឺត្រូវពិនិត្យដកយកមកវិញ ជាពិសេសដោយជនមួយចំនួនដែលយកអាជ្ញាប័ណ្ណ (License) ដើរលក់ គឺត្រូវដកយកមកជាបន្ទាន់។ ចំពោះពយកំពេញដែលមានប្រជាពលរដ្ឋ ១០៣គ្រួសារ គឺត្រូវចុះវាស់វែងប្រគល់ប្លង់ស្របច្បាប់ជូនប្រជាពលរដ្ឋដែលបានមករស់នៅទីនោះជាយូរមកហើយ។ ប្រជាពលរដ្ឋដែលបានមករស់នៅទីតាំងក្នុងបញ្ជីសារពើព័ន្ឋរបស់រដ្ឋជាយូរមកហើយ គឺត្រូវប្រគល់ប្លង់ស្របច្បាប់ជូនពួកគាត់ ហើយត្រូវកាត់ចេញពីបញ្ជីសារពើព័ន្ឋរបស់រដ្ឋ ដើម្បីពួកគាត់មានកម្មសិទ្ឋិ និងមានឱកាសបានកសាងផ្ទះសម្បែងអោយបានល្អសមរម្យ។ អាជ្ញាធរខេត្តត្រូវខិតខំថែរក្សាតំបន់ឆ្នេរ និងបរិស្ថានអោយបានល្អដើម្បីទាក់ទាញទេសចរណ៌។ ក្រសួងបរិស្ថានត្រូវចូលរួមពិនិត្យការប្រើប្រាស់និងបង្ហូរទឹកចូលសមុទ្រកុំអោយប៉ះពាល់ដល់បរិស្ថាន។ ជាចុងក្រោយគឺត្រូវខិតខំរក្សាមិត្តភាពនិងសហប្រតិបត្តិការជាមួយប្រទេសជិតខាងដែលមានព្រំដែនសមុទ្រជាប់គ្នា ដើម្បីសន្តិភាពនិងផលប្រយោជន៌រួមគ្នា។ កងទ័ពជើងទឹកយើងគឺត្រូវល្បាតរួមគ្នាលើតំបន់ត្រួតស៊ីគ្នាជាមួយវៀតណាម និងថៃ ដើម្បីទប់ស្កាត់កុំអោយមានអំពើរត់ពន្ឋ គ្រឿងញៀន និងការជួញដូរមនុស្ស និងជាជម្រកចោរសមុទ្រ និងកុំអោយមានការប៉ះទង្គិចគ្នារវាងទូកនេសាទនៅតាមសមុទ្រជាដើម ។ល។ កិច្ចសំណេះសំណាល រវាង សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីរាជការខេត្តព្រះសីហនុពីល្ងាចមិញគឺ កាន់តែធ្វើអោយមន្រ្តីបានយល់កាន់តែច្បាស់អំពីតួនាទី និងការទទួលខុសត្រូវក្នុងការផ្តល់នូវសេវាសាធារណៈ និងការផ្តល់នូវដំណោះស្រាយសមស្របនានាជូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាផ្សេងៗរួមទាំងបញ្ហាដីធ្លីជាដើម៕