នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦ នេះ ក្នុងពេលធ្វើដំណើរចេញពីខេត្តកំពត មកកាន់ខេត្តកែប ខ្ញុំបានចុះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សនៃ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប និងអនុវិទ្យាល័យសង្គមរាស្ត្រនិយមក្រុងកែប។

សាលារៀនមួយចំនួនដែលបានសាងសង់ពីពេលមុន គឺមានមួយចំនួនកំពុងមានសភាពចាស់ទ្រុឌទ្រោម ស្របពេលដែលកំណើនកូនសិស្សកំពុងកើនឡើងជាបន្តបន្ទាប់។ ព្រឹកមិញនេះ ដោយមើលឃើញពីតម្រូវការ និងកង្វះខាតអាគារសំរាប់ក្មួយៗនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ខ្ញុំនិងសប្បុរសជនមួយចំនួនបានសំរេចចិត្តផ្តល់ជូននូវអាគារសិក្សាថ្មី១ខ្នង ៣ជាន់ ស្មើ ១៥ បន្ទប់ បន្ថែមទៀតដល់ សាលារៀននេះ ។ នៅពេលដែលក្មួយៗមានសាលារៀនថ្មី សូមក្មយៗទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន និងជាធនធានល្អរបស់ប្រទេសជាតិ៕