នៅថ្ងៃទី ៣ ខែ សីហា ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការ អាជ្ញាធរក្រុមប្រឹក្សាឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តកែប។ ក្រុងកែបបានផ្លាស់ប្តូរមកជាខេត្តកែបនៅឆ្នាំ ១៩៩៣។

យើងសង្កេតឃើញថា ស្ថានភាពផ្លូវថ្នល់ ស្ពាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះគឺមានភាពល្អកាន់តែល្អប្រសើរឡើង។ ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងបានផ្សាភ្ជាប់ជីវិតរស់នៅជាមួយប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស កម្មករ កសិករ ព្រោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ គឺជាសុខទុក្ខរបស់សម្តេចផ្ទាល់។ នៅខេត្តកែបបញ្ហាទឹកគឺជាបញ្ហាចំបងមួយដែលខេត្តកែបត្រូវតែយកចិត្តទុកដាក់ដោះស្រាយ។ ទន្ទឹមនឹងនេះ គឺត្រូវស្វែងរកដៃគូអ្នកវិនិយោគដើម្បីអភិវឌ្ឍន៌វិស័យទឹកស្អាតអោយបានទាន់ពេលវេលា។ ចំពោះអាកាសចរស៊ីវិលនៅខេត្តកែប គឺត្រូវប្រគល់ទៅអោយខេត្តជាអ្នកគ្រប់គ្រងទាំងស្រុងចាប់ពីពេលនេះតទៅ។ សម្តេចតេជោ បានរំលឹកបញ្ជាក់ដល់អាជ្ញាធមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗ, កែលម្អភាពអសកម្ម ខិតខំកសាងអំពើល្អ ផ្តល់សេវាសាធារណៈអោយមានប្រសិទ្ឋិភាពល្អ (សេវាតម្រូវការចាំបាច់ និងសេវាសំណូមពរនានា) រួមសហការជាមួយគយ រដ្ឋាករ ពន្ឋដារ ប្រមូលចំណូលសម្រាប់ជាតិ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ដីធ្លីអោយបានឆាប់ល្អជូនពលរដ្ឋ ការពារបរិស្ថាន ការពារព្រៃឈើ តំបន់ឆ្នេរ និងធនធានធម្មជាតិ ហើយត្រូវសើរើពិនិត្យគម្រោងវិនិយោគមួយចំនួនដែលប៉ះពាល់ធនធានធម្មជាតិ ដូចជាគម្រោងដាំសារ៉ាយក្នុងបាតសមុទ្រ និងគម្រោងប៉ះពាល់ព្រៃកោងកាងជាដើម។ សម្តេចតេជោ ហ៊ុន សែន នឹងនិរាករណ៍ចោលទាំងស្រុងចំពោះគម្រោងទាំងឡាយណាដែលមានផលប៉ះពាល់ទាំងនោះ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តត្រូវសហការល្អជាមួយប្រទេសជិតខាង ដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ប្រទេសជាតិរីកចំរើនទៅបានគឺអាស្រ័យដោយយើងមានសន្តិភាព និងទំនាក់ទំនងការបរទេសល្អ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មន្រ្តីរាជការ អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានរួមគ្នាយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងដើម្បីកសាងអភិវឌ្ឍន៍ខេត្តកែបនេះអោយកាន់តែរីកលូតលាស់ខ្លាំងឡើង៕