ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមសម្ពោធផ្លូវជាតិលេខ ៤៤ ជាមួយបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលជាជំនួយរបស់មិត្តចិន។ ផ្លូវនេះបានសាងសង់រយៈពេល ៤០ខែ គឺចាប់ពីខែកុម្ភៈ ឆ្នាំ២០១៣ និងបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៥ ដែលចំណាយថវិកា ៨០,៣០លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាង៥លានដុល្លារអាមេរិកបន្ថែមទៀតសំរាប់ដោះស្រាយផលប៉ះពាល់និងបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ គឺចាប់ផ្តើមត្រង់គីឡូម៉ែត្រលេខ៤៨ លើផ្លូវជាតិលេខ៤ ឆ្លងកាត់ក្រុងច្បារមន និងស្រុកចំណយន៤ របស់ខេត្តកំពង់ស្ពឺ ក្នុងនោះមានស្រុកសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ៣៩។ ស្រុកឱរ៉ាល់ និងរលាក់កងជើងពីមុនជាទីសមរភូមិប្រយុទ្ឋស៊ីសាច់ហុតឈាម។ តាមរយៈនយោបាយឈ្នះ ឈ្នះ ទើបធ្វើអោយប្រទេសជាតិទាំងមូលមានសុខសន្តិភាពមកទល់សព្វថ្ងៃ។ ទោះបីយើងមានផ្លូវធំទូលាយល្អធ្វើដំណើរ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៌។ នៅថ្ងៃនេះ ខ្ញុំសូមអបអរសាទរនិងបើកអោយប្រជាពលរដ្ឋទូទាំប្រទេសប្រើប្រាស់ផ្លាកសញ្ញាសុវត្ថិភាព (ផ្លាកសញ្ញាចំណាំងពេលបើកបរពេលយប់)។ សូមអាជ្ញាធរចុះចែកជូនដល់ផ្ទះប្រជាពលរដ្ឋតែម្តង។ ខ្ញុំសូមកោតសរសើរក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្វ ក្រសួងនិងស្ថាប័នពាក់ព័ន្ឋទាំងអស់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចដែលបានចូលរួមសហការក្នុងការកសាងផ្លូវថ្នល់នៅទីនេះ និងសូមអរគុណមិត្តចិនដែលតែងតែយកចិត្តទុកដាក់ជួយកសាងកម្ពុជាអោយកាន់តែរីកចម្រើន៕