នៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារស្ទឹងត្រែងរួចមក ខ្ញុំបានចុះមកសួរសុខទុក្ខនិងពិនិត្យមើលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅថ្មីនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង

បន្ទាប់ពីពួកគាត់ត្រូវបានផ្លាស់ប្តូទីលំ នៅពីតំបន់ដែលត្រូវបានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែងនេះ។ ថ្វីត្បិតតែកន្លែងទីតាំងភូមិថ្មីនេះ ទើបតែបង្កើតឡើងក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក ដាក់រៀបចំនូវហរដ្ឋារចនាសម្ព័ន្ឋមួយចំនួនដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ជាដើម ដែលជាតម្រូវការចាំបាច់សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ប្រជាពលរដ្ឋរស់នៅទីនេះគឺទទួលបានផ្ទះឈើ ឬ ផ្ទះថ្មទៅ តាមការជ្រើសរើសរបស់ពួកគាត់ផ្ទាល់។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តតាមដានយកចិត្តទុកដាក់ជួយសម្របសម្រួលដល់ការអភិវឌ្ឍន៌ជីវភាពរស់នៅរបស់បងប្អូនក្នុងរយៈពេល៥ឆ្នាំតទៅមុខទៀត ទម្រាំទីនេះក្លាយទៅជាតំបន់អភិវឌ្ឍន៌គម្រូថ្មីមួយ ដែលផ្តល់នូវអនាគតល្អដល់ក្រុមគ្រួសារបងប្អូនទាំងអស់ដែលបានមករស់នៅទីនេះ៕