កាលពីម្សិលមិញ បន្ទាប់ពីបានចូលថ្វាយបង្គំព្រះសង្ឃ និងសិស្សានុសិស្សនៅភូមិថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះរួចមក ខ្ញុំក៏បានបន្តដំណើរចូលដល់ទឹកដីនៃខេត្តស្ទឹងត្រែងជាបន្តទៀត។ នៅតាមផ្លូវមកកាន់ខេត្តស្ទឹងត្រែង ខ្ញុំបានឈប់ចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្សសាលាបឋមសិក្សាសាមគ្គីអភិវឌ្ឍន៌ ស្ថិតនៅក្នុងសង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ដោយមើលឃើញពីតម្រូវការ និងការខ្វះខាតអាគារសំរាប់កូនៗសិក្សានៅទីនេះ ខ្ញុំនិងសប្បុរសជនមួយចំនួនបានសំរេចចិត្តផ្តល់អំណោយអាគារសិក្សាថ្មី១ខ្នង ស្មើ ៦បន្ទប់ ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សានេះ។ ក្រៅពីបន្ទប់សិក្សា អាគារថ្មីនឹងផ្តល់ជាបន្ទប់សម្រាប់ធ្វើជាបណ្ណាល័យអាន ទីចាត់ការ និង បន្ទប់ការងារសហគមន៌ផងដែរ។ ខ្ញុំមិនបណ្តោយអោយកូនៗទាំងឡាយខ្វះសាលារៀនឡើយ។ ទន្ទឹមនឹងនេះ សូមក្មួយៗ ចៅៗខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើជាកុមារល្អ ដើម្បីក្លាយជាទំពាំងស្នងឬស្សីប្រកបដោយគុណភាពដ៏រឹងមាំរបស់ប្រទេសជាតិ៕