នៅព្រឹកថ្ងៃទី០៨ ខែឧសភា ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ខួបលើកទី១៥៣ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»

ដែលបានធ្វើឡើងនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករពីបណ្តាសប្បុរសជន ជាតិ និងអន្តរជាតិ សមាជិក សមាជិកាកាកបាទក្រហមកម្ពុជាមន្រ្តីរាជការ និង យុវជនស្ម័គ្រចិត្តជាច្រើនពាន់នាក់ផងដែរ។ ប្រធានបទឆ្នាំនេះបានដាក់ចេញនូវសារសំខាន់បញ្ជាក់អោយឃើញពីតួនាទីភារកិច្ច និងការទាក់ទាញនូវការយកចិត្តទុកដាក់ដល់កាកបាទក្រហមកម្ពុជា សាខា -អនុសាខា ក្រុមកាកបាទក្រហមកម្ពុជា២៥រាជធានីខេត្តក្រុង យុវជនអ្នក ស្ម័គ្រចិត្តនៅទូទាំងប្រទេស ត្រូវបន្តពង្រឹងភាពជាម្ចាស់ការ ធនាភាពរឹងមាំទាំងផ្នែកធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ស្របទៅតាមគោលការណ៍នៃការអនុវត្តទិសវិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីធ្វើអោយការងារមនុស្សធម៌កាន់តែពង្រីកបាននូវវិសាលភាព និងប្រសិទ្ឋភាពក្នុងការចូលរួមបំរើសេវា មនុស្សធម៌នៅតាមសហគមន៍មូលដ្ឋាន ដែលបាននិងកំពុងរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចូលរួមរបស់សប្បុរសជន នាពេលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការមនុស្សធម៌ បង្ហាញពីសាមគ្គីភាពជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបនឹងគ្រោះមហន្តរាយ ដូចជាគ្រោះរាំងស្ងួតពេលនេះជាដើម។ ក្នុងនាម រាជរដ្ឋភិបាលកម្ពុជា សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ជាពិសេសយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពនៃយុទ្ឋនាការផ្តល់ទឹកជូនដល់បងប្អូនប្រជាពលរដ្ឋរួមទាំងសកម្មភាពភាពជីកនិងស្តារអណ្តូង ស្រះ និងប្រឡាយជាដើម។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការសិក្សាជាកញ្ចប់ នៃផលប៉ះពាល់ទាំងឡាយបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដើម្បីកម្ពុជាមានវិធានការនិងដំណោះស្រាយគ្រប់គ្រាន់ក្នុងការការពារ និងទប់ស្កាត់អោយបានមុនសភាពការណ៍អាក្រក់កើតឡើង។ នៅក្នុងកម្មវិធីព្រឹកមិញនេះ មានសប្បុរសជនជាច្រើនបានចូលរួមវិភាគទានឧបត្ថម្ភថវិកាដែលប្រមូលបានសរុបទាំងអស់ជាង ១៣លានដុល្លារ ($13,431,668)។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរជនទាំង អស់ ដែលបានចូលរួមជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយ គ្រោះធម្មជាតិ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា