កាលពីព្រឹក ថ្ងៃទី៩ មីនា នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គ្រូៗជាច្រើនរូបដែលបានបញ្ចប់ការសិក្សាគរុកោសល្យនៅវិទ្យាស្ថានជាតិអប់រំ។ គ្រូៗ ដែលទទួលសញ្ញាបត្រនាព្រឹកនេះរួមមាន គ្រូបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ

ជំនាន់ទី១ និងទី២ គ្រូមកម្រិតឧត្តម (បរិញ្ញាបូក១) ជំនាន់ទី២០ និងគ្រូកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ ជំនាន់ទី១៧ សរុបទាំងអស់ចំនួន ១,២៥៦ នាក់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន បានខិតខំយ៉ាងខ្លាំងក្លាក្នុងការជំរុញ និងលើកស្ទួយវិស័យអប់រំជាតិអោយកាន់តែរីកចម្រើនទៅមុខ ទោះបីជាបុគ្គលមួយក្រុមតូចមើលស្រាល និងជាន់ឈ្លីប្រមាថដល់ការអប់រំនិងសញ្ញាបត្រក្នុងប្រទេសយ៉ាងណាក្តី។ ការបណ្តុះបណ្ដាលធនធានគ្រូបង្រៀន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយបណ្តុះបណ្ដាលធនធានមនុស្ស អោយទទួលបានចំណេះជំនាញនាសមស្របនានាដើម្បីអនាគតយុវជន ។ សូមរំលឹកបន្តិចថា ការចាប់ផ្តើមពង្រឹងវិស័យអប់រំជាតិកម្ពុជាបានចាប់ផ្តើមកកើតឡើងវិញតាំងពីឆ្នាំ ១៩៧៩ គឺផ្តើមដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ ដើម្បីអោយវិស័យនេះកាន់តែដើរទៅមុខ ហើយរហូតដល់ ពេលនេះ វិស័យអប់រំមានការរីកចម្រើន ដែលធ្វើអោយយុវជនមានឱកាសបានសិក្សារៀនសូត្រទាំងក្នុងសាលារដ្ឋ និងឯកជន។ បច្ចុប្បន្ននេះ សេចក្តីត្រូវការគ្រូបង្រៀន និងគ្រូពេទ្យគឺកាន់តែកើនឡើង និងជាតម្រូវការចាំបាច់បំផុត ដើម្បីបំពេញសេចក្តីត្រូវការរបស់សង្គមជាតិ។ ទន្ទឹមនិងនេះ រាជរដ្ឋាភិបាលកំពុងបង្កើនថវិកាជាតិដើម្បីជំរុញគុណភាពអប់រំអោយមានភាពរឹងមាំ និងមានប្រសិទ្ឋិភាព។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានបង្កើនប្រាក់បៀវត្សជូនលោកគ្រូអ្នកគ្រូ គឺទាបបំផុត ៨០ម៉ឺនរៀល និងនៅឆ្នាំ ២០១៨ គឺនឹងឡើងដល់ ១លានរៀល ។ ដំណោះស្រាយនេះ គឺមិនមែនចេះតែសន្យាខ្យល់ដូចបក្សប្រឆាំងឡើយ គឺយើងត្រូវរៀបចំធ្វើជាបណ្តើរៗអោយបានច្បាស់លាស់ទៅតាមទំហំសាច់ប្រាក់ដែលយើងមាន ដូចជាការតម្លើងប្រាក់ខែមន្រ្តីរាជការនេះជាដើម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តពង្រឹងវិស័យអប់រំជាតិ ទោះបីបុគ្គលមួយក្រុមមើលស្រាលថាសញ្ញាបត្រស្រុកខ្មែរគ្មានតំលៃបែបណាក៏ដោយ។ សូមសិស្សនិស្សិតទាំងអស់ត្រូវតែខិតខំរៀនសូត្រ ជាពិសេសត្រូវខំតាំងពិថ្នាក់បឋមទៅ ទើបទទួលបានលទ្ឋផលល្អ ដើម្បីជួយកសាង និងការអភិវឌ្ឍសង្គមជាតិឲ្យយើងអោយកាន់តែរុងរឿងទៅអនាគត។ មុនបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សញ្ញាបត្រដល់គ្រូៗជាច្រើនរូបដែលបានបញ្ចប់ការសិក្សាគរុកោសល្យដោយជោគជ័យ និងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយស្និទ្ឋស្នាលបំផុត៕