នៅព្រឹកថ្ងៃ ២៨ មករា ឆ្នាំ ២០១៦ បន្ទាប់ពីបានជួបប្រជុំពិភាក្សាជាមួយលោកអគ្គរដ្ឋទូតអាមេរិករួចហើយ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញតអោយ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរុប (EU) ជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោកឯកអគ្គរដ្ឋទូត (EU) បានជំរាបជូនសម្ដេចតេជោថាលោកមកកម្ពុជានាពេលនេះតំណាងឲ្យប្រទេសចំនួន ២៨ រដ្ឋនៅសហគមន៍អ៊ឺរ៉ុប ។ លោក George Edgar បានមើលឃើញពីការរីកចំរើនយ៉ាងខ្លាំងរបស់កម្ពុជា ហើយបានសំដែងនូវការសាទរចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងសហគមអ៊ឺរ៉ុប ជាពិសេស លើវិស័យអប់រំ កសិកម្ម។ លោក អគ្គរដ្ឋទូតទូតបានអបអរសាទរចំពោះកម្ពុជា ដែលសម្រេចបាននូវជោគជ័យផែនការអភិវឌ្ឍសហសវត្សន៍ ដែលជាជាមូលដ្ឋានសម្រាប់សហគមអ៊ឺរ៉ុប និងកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយកាន់តែរឹងមាំថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះវត្តមានរបស់ លោក George Edgar និងបានអរគុណចំពោះសហគមអ៊ឺរ៉ុបដែលបានជួយដល់កម្ពុជាកន្លងមកទល់សព្វថ្ងៃនេះ។ សម្តេចតេជោ បានស្នើឲ្យសហគមអ៊ឺរ៉ុបបន្តធ្វើកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យគម្រោងនានាទទួលបានជោគជ័យ។

ទន្ទឹមនឹងនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញអោយលោកអគ្គរដ្ឋទូត EU ក្តាប់ពត៌មានអោយបានច្បាស់ពីកម្ពុជា មុននឹងសម្រេចកិច្ចការអ្វីមួយ ចៀសវាងការទទួលពត៌មានមិនច្បាស់ការដែលអាចធ្វើអោយប៉ះពាល់ដល់គម្រោង និង កិច្ចសហប្រតិបត្តិការជាដៃគូ។ លោក George ក៏ធ្លាប់មកកម្ពុជាពីមុនមកដែរ ហើយសង្ឃឹមថាតាមរយៈបេសកកម្មការទូតនេះនឹងជំរុញអោយកម្ពុជានិង EU កាន់តែជិតស្និទ្ឋមួយកម្រិតធំថែមទៀត ៕