កាលពីថ្ងៃទី ២៨ មករា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាលសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញតអោយ លោក William A . Heidt ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកចូលជួបសម្តែងការគួរសម និងពិភាក្សារងារ។

 

លោក ឯកអគ្គរដ្ឋទូតអាមេរិកបានជំរាបជូន សម្ដេចតេជោ ហ៊ុន សែន អំពីការរីកចម្រើនរបស់កម្ពុជា ដែលលោកបនាឃើញផ្ទាល់ចាប់ពីទសវត្ស៩០ ដែលពេល នោះរូបលោកផ្ទាល់បានបម្រើការងារជាមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ច នៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ រយៈពេល១៥ឆ្នាំកន្លងមកនេះ លោក William បាន សង្កេតឃើញ កម្ពុជារីកចម្រើនយ៉ាងខ្លាំង។ លោកបានវាយតម្លៃខ្ពស់ ជាពិសេសចំពោះការរីកចម្រើនវិស័យសេដ្ឋកិច្ច, អប់រំ, ការកាត់បន្ថយភាពក្រីក្រ និងជាពិសេសការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

នៅក្នុងបេសកម្មការទូតរបស់លោកនៅពេលនេះ លោក William គឺនឹងខិតខំពង្រឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែជិតស្និទ្ឋថែមទៀត ជាពិសេសគឺជំរុញអោយចេញជាលទ្ឋផលផ្លែផ្កា អំពីជំនួបកាលពីពេលថ្មីៗនេះរវាង សម្តេចតេជោ ហ៊ុន សែន និង លោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធប្រយុទ្ធប្រឆាំងអំពើភេរវកម្មទាំងក្នុង កម្រិតតំបន់ និងពិភពលោក។ លោកអគ្គរដ្ឋទូតអាមេរិក បានជម្រាបជូនសម្តេចតេជោ អំពីជំនួយរបស់សហរដ្ឋអាមេរិកជួយដល់កម្ពុជាដែលពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ធនធានមនុស្ស និងការផ្តល់នូវសម្ភារៈបរិក្ខារសម្រាប់ទប់ស្កាត់គ្រោះមហន្តរាយជាដើម ដែលអាមេរិកធ្លាប់បានជួយដល់កម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទចំពោះលោក William ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងបានថ្លែងអំណរគុណជូនលោកក្នុងការពង្រឹងនិងយកចិត្តទុកដាក់ក្នុងការអនុវត្ត ការងារសំខាន់ៗរួមទាំងការជំរុញកិច្ចសហការវិនិយោគ ពាណិជ្ជកម្មរវសងប្រទេសទាំងពីរ និងវិធានការទប់ស្កាត់អំពើភេរវកម្មគ្រប់ប្រភេទនៅក្នុងប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះជំនួយអាមេរិកក្នុងការជួយបំពាក់ម៉ាស៊ីន ត្រួតពិនិត្យ(Security scan machine) ជនអន្តោប្រវេសន្តចេញចូលទាំងនៅតាមព្រលានយន្តហោះ និងនៅតាមព្រំដែនផងដែរ ដើម្បីពង្រឹងសុវត្ថិភាព និងសន្តិសុខជាតិ។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយសហរដ្ឋអាមេរិកដែលបានជួយកម្ពុជា កាលពីពេលកន្លងមករហូតមកទល់សព្វថ្ងៃ ជាពិសេស សម្តេចបានវាយតម្លៃថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះជួយជម្រុញអោយមានកិច្ចសហប្រតិបត្តិការល្អៗជាច្រើនទៀត ក្នុងវិស័យផ្សេងៗទៀតដែលនឹងជួយពង្រឹងសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក៕