នៅព្រឹកថ្ងៃ ២៨ មករា ឆ្នាំ ២០១៦ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញតអោយ លោក Juan de Jesus Hidalgo Gato Perez ឯកអគ្គរដ្ឋទូត គុយបា (Cuba) ជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោកឯកអគ្គរដ្ឋទូតគុយបានជំរាបជូនសម្ដេចតេជោថា បេសកម្មការទូតរបស់លោកមកកាន់កម្ពុជាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទំាងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោក បានស្នើសុំសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគាំទ្រនូវបេសកម្មការទូតរបស់លោកនៅកម្ពុជាឱ្យទទួលបានជោគជ័យ ។

ជាការឆ្លើយតប សម្តេចតេជោ បានអបអរសាទរ និងស្វាគមន៍ចំពោះ លោក Gato Perez ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជាពរមទាំងបានវាយតម្លៃ ខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកអគ្គរដ្ឋទូតគុយបា ក្នុងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការនេះ។ ទំនាក់ទំនងរវាងកម្ពុជា និងគុយបា គឺមានតាំងពីឆ្នាំ ១៩៧៩មក ហើយប្រទេសគុយបាតែងតែជួយដល់កម្ពុជា។

សម្តេចតេជោ បានថ្លែងអំណគុណ និងសង្ឃឹមយ៉ាងមុតមាំអំពីការពង្រឹងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយលោកអគ្គរដ្ឋទូតពិនិត្យមើលនូវរាល់លទ្ឋភាព និងទិសដៅទំាងឡាយដែលអាចជំរុញបន្ថែមដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ អោយកាន់តែល្អប្រសើរឡើងថែមទៀត៕