នៅក្នុងជំនួបថ្ងៃម្សិលមិញរវាងខ្ញុំ និង John Kerry រដ្ឋមន្រ្តីការបរទេសអាមេរិក ដែលមានរយះពេលជាង១ម៉ោង នៅវិមានសន្តិភាពគឺបានទទួលលទ្ឋផលវិជ្ជមានល្អជាច្រើនសម្រាប់កម្ពុជា។

ខ្ញុំបានស្នើទៅអាមេរិកអោយបើកទីផ្សារសម្រាប់ផលិតផលកម្ពុជាអោយបានទូលំទូលាយ ដើម្បីប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរកាន់តែងាយស្រួលក្នុងការនាំចេញផលិតផលពីកម្ពុជាចេញទៅទីផ្សារ អាមេរិក។ ក្រៅពីនោះគឺខ្ញុំបានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការរួមដៃសហការជាមួយអាមេរិកដើម្បីទប់ស្កាត់អំពីភេរកម្ម ក៏ដូចជាជំហរកម្ពុជាគាំទ្រដំណោះស្រាយបញ្ហា លើការចរចា ពិភាក្សាដែលនាំមកនូវសន្តិភាពសម្រាប់តំបន់ទាំងមូល។ ជារួម ជំនួបនេះគឺបានផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងកម្ពុជានិង សហរដ្ឋអាមេរិក និងរវាងអាស៊ានជាមួយសហរដ្ឋអាមេរិកផងដែរ។

ក្រោយពីស្រស់ស្រូបអាហារពេលថ្ងៃត្រង់រួចហើយ ខ្ញុំបានបន្តការងារនៅការិយាល័យក្នុងគេហដ្ឋានខ្ញុំជាធម្មតា។គាប់ជួននៅពេលរសៀល ចៅស្រីខ្ញុំបានឆ្លៀតចូលមកសួរសុខទុក្ខមុនពេលទៅសាលារៀន ខ្ញុំព្រមទាំងបាននិយាយដោយពាក្យផ្អែមល្ហែមថា “ ចៅសូមជម្រាបសួរលោកតា ចៅស្រឡាញ់លោកតាខ្លាំង” គឺពិតជាធ្វើអោយខ្ញុំរិតតែសប្បាយចិត្ត និងកាន់តែមានកម្លាំងចិត្តក្នុងការធ្វើការងារ ហើយភ្លេចអស់ពីការនឿយហត់។ ខ្ញុំមានជំនឿថាឪពុកម្តាយ ជីដូនជីតា គឺពិតជាមានអារម្មណ៍ដូចខ្ញុំដែរ នៅពេលដែលមានចៅចេះនិយាយសួរសុខទុក្ខនិងផ្តល់កម្លាំងចិត្តបែបនេះ។ សូមជនរួមជាតិជួបតែសំណាងល្អ និងមានសេចក្តីសុខ និងសុភមង្គមក្នុងក្រុមគ្រួសារជានិច្ច៕