កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយយ លោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក (Secretary of State) ។

 

លោក John Kerry បានជំរាបជូនសម្ដេចតេជោ អំពីការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាមួយនឹងការីកចម្រើននេះ លោក John Kerry បានលើកឡើងថាកម្ពុជាមានសក្តានុពល និងឱកាសយ៉ាងច្រើន សម្រាប់វិនិយោគិនអាមេរិកមកវិនិយោគនៅកម្ពុជា ។ លោក Kerry បានអគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបាន បញ្ជូនកងកកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) ទៅកាន់បណ្តាប្រទេសផ្សេងៗដើម្បីចូលរួមថែរក្សាសន្តិភាពពិភពលោក។ កម្ពុជា ជាប្រទេសតូចមែនពិត តែការចូលរួមចំណែកខាងលើនេះពិតជាមានសារៈសំខាន់ណាស់ដល់ស្សរភាពនិងសន្តិភាព ពិភពលោក។ លោក Kerry ក៏បានជម្រាបជូន សម្តេចតេជោ ផងដែរថា លោកមកកាន់កម្ពុជានាពេលនេះគឺដើម្បីរិតចំណងមិត្រភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែល្អ និងត្រៀមរៀបចំកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែ កុម្ភៈ ខាងមុខនេះ នៅរដ្ឋកាលីហ្វ័រញ៉ា (California, US)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក John Kerry និង រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានប្រគល់មកវិញនូវវត្ថុបុរាណរបស់កម្ពុជា កាលពីពេលកន្លងមក ហើយសម្តេចក៏បានស្នើសុំដល់អាមេរិកបន្តកិច្ចសហប្រតិបត្តិនេះជាបន្តទៀតដែលជា គម្រូសម្រាប់ប្រទេសដទៃៗទៀត។ សម្តេចតេជោអគុណសហរដ្ឋអាមេរិកដែលបានជួយជ្រោមជ្រែងដល់កម្ពុជានារយៈពេលកន្លងដែល ជាការរួមចំណែកដល់ដំណើរការរីកចម្រើនរបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានស្នើរដល់ភាគីអាមេរិក រួមគ្នាជំរុញពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចំរើនថែមទៀត ។ សម្តេចតេជោ បានសន្យាពង្រឹងទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយដៃគូអាមរិកក្នុងការ ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម គ្រប់យ៉ាងដើម្បីសុខសន្តិភាពនៃប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានសុំឱ្យភាគីអាមេរិកបន្តជួយដល់កម្ពុជាលើវិសសុខាភិបាល វិស័យអប់រំ ការដោះមីន និងជួយសម្រួលឱ្យកម្ពុជានាំផលិតផលចេញទៅអាមេរិកដោយគ្មានកូតា និងមិនគិតពន្ឋជាដើម ដែលកម្ពុជាធ្លាប់បានទទួលពីមុន (MFN)។
ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក John Kerry នៅថ្ងៃនេះ គឺបានបញ្ចប់ទៅដោយភាពស្និទស្នាល និងលទ្ឋផលផ្លែផ្កាវិជ្ជមានជាច្រើនដែលបានពង្រឹងនូវចំណងមិត្តភាពកាន់តែល្អ ប្រសើរសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕