នៅលើគេហទំព័រហ្វេសប៊ុករបស់សម្ដេច នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ សម្ដេ្ដចតេជោបានបង្ហាញនូវទឹកចិត្តរីករាយយ៉ាងខ្លាំងនៅពេលចៅស្រីទទួលជ័យលាភីលេខ ១ ក្នុងការប្រកួតព្យាណូ (Piano) ដោយសម្ដេចបានលើកឡើងថា៖​

ថ្ងៃនេះក្នុងនាមខ្ញុំជាជីតា គឺសប្បាយចិត្តខ្លាំងណាស់ដែលចៅស្រី ហ៊ុន ពេជ្រម៉ានីវលក្ខណ៍ បានទទួលជ័យលាភីលេខ ១ ក្នុងការប្រកួតព្យាណូ (Piano) នៅសាលា ISPP ភ្នំពេញ។ ចៅស្រីខ្ញុំមិនត្រឹមតែចេះភាសាខ្មែរទេ គឺនាងចេះទាំងភាសាអង់គ្លេស និងភាសាចិនផងដែរ។

ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ ចៅខ្ញុំ និងលទ្ឋផលដ៏ល្អរបស់នាងនៅសាលារៀន គឺពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ពីឪពុកម្តាយ ទោះបីរវល់មមារញឹកនិងការងារបែបណាក៏ដោយ ក៏នៅមានឱកាសអប់រំកូនបានល្អ។កាន់តែសប្បាយថែមទៀតនៅពេលចៅចូលមករាយការណ៌ឱ្យជីតាអំពីលទ្ធផលប្រឡងរបស់គេដែលផ្តល់ឱកាស់ឱ្យខ្ញុំថតរូបជាមួយចៅយ៉ាងសប្បាយ។ ចៅខ្ញុំស្គាល់ចិត្តយ៉ាងច្បាស់ថាជីតាត្រូវការនូវលទ្ធផលរៀនសូត្រ ទើបគេចូលមករាយការណ៌ឱ្យជីតាមុនគេ។

ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិពិតមិនធ្វេសប្រហែសទេក្នុងការអប់រំកូនចៅ ជាពិសេសក្នុងវ័យកុមារអោយចេះទទួលខុសត្រូវ និងប្រឹងប្រែងរៀនសូត្រ ហើយអាងលើសមត្ថភាពចំណេះដឹងផ្ទាល់ខ្លួន ដើម្បីអោយក្លាយទៅជាវប្បធម៌ទទួលខុសត្រូវសម្រាប់កូនចៅខ្មែរគ្រប់ជំនាន់៕