ខ្ញុំសូមអរគុណជនរួមជាតិ ជាពិសេសប្អូនៗ ក្មួយៗ និងចៅៗ ជាយុវជនដែលតែងតែគាំទ្រ តាមដាន និងចែករំលែកពត៌មានពីគេហទំព័រខ្ញុំទៅកាន់មិត្តភក្តិទាំងក្នុងនិងក្រៅប្រទេស (Likes, shares, Comments)។

ជាពិសេស នៅក្នុងកំឡុងពេលដែលខ្ញុំទៅពិនិត្យសុខភាពនៅសឹង្ហបូរី តាមការណែនាំរបស់របស់គ្រូពេទ្យជំនាញ កម្ពុជា។

ហ្វេសប៊ុគ (Facebook) ខ្ញុំជាជាហ្វេសប៊ុគសន្តិភាព ដែលលើកតម្កើងសិទ្ឋិសេរីភាព និងសកម្មភាពចូលរួមកសាងសង្គមដោយអហឹង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់យុវជន គឺនឹងជួយជំរុញអោយការកសាងសង្គមជាតិយើងកាន់តែមានសន្ទុះលឿនទៅមុខ។

ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទស្នាលជាមួយជនរួមជាតិ និងយុវជន សិស្ស និស្សិតនៅទូទាំងប្រទេស ខ្ញុំនឹងបើកវេទិការឆ្លើយឆ្លងជាមួយយុវជន និងជនរួមជាតិនៅក្នុង Facebook ខ្ញុំផ្ទាល់លើប្រធានបទដែលមានសារៈសំខាន់ក្នុងការកសាងសង្គមជាតិដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។ល។ យុវជនអាចផ្ញើជាអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរដើម្បីចូលរួម។

យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេពីមហាជនគឺនឹងទទួលរង្វាន់លើកទឹកចិត្តមាន ជា មេដាយ និងប័ណ្ណសរសើរពីនាយករដ្ឋមន្រ្តី។ កម្មវិធីនេះនឹងចាប់ផ្តើម នៅពេលឆាប់ៗខាងមុខនេះ។ សំរាប់ប្រធានបទជាក់លាក់ និងបែបបទនៃការប្រកួតប្រជែងនឹងជំរាបជូននៅពេលក្រោយ។

សូមយុវជនធ្វើជាគំរូល្អសម្រាប់យុវជនដូចគ្នា ហើយសូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាកុំបីខាន !