នៅលើគេហទំព័រហ្វេសប៊ុក រស់សម្ដេចតេជោ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ សម្ដេចបានលើកឡើងនូវព្រឹត្តិការណ៍សំខាន់មួយចំនួនដែលធ្វើអោយប្រទេសកម្ពុជាមានសន្តិភាព​រហូតដល់សព្វថ្ងៃ ៖​

 

ជនរួមជាតិ និងយុវជនជាទីស្រឡាញ់!

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះជម្រាបជូនអំពីព្រឹត្តិការណ៍នៃថ្ងៃប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួននៃការចាប់បដិសន្ឋិសន្តិភាពនៅកម្ពុជា។ ថ្ងៃទី ២០ មករា ១៩៨៨- ២០ មករា ២០១៦ គឺជាខួប ២៨ ឆ្នាំនៃការចរចារសន្តិភាពរដំណាក់កាលទី២ រវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និង ខ្ញុំព្រះករុណា នៅ Saint -Germainen-Laye។ ការចរចារលើកទី១ គឺនៅថ្ងៃទី ២ ខែ ធ្នូ ១៩៨៧ នៅ Fere-Entardenois, ប្រទេសបារាំង ដែលបានចេញជាសេចក្តីប្រកាសរួមក្នុងការស្វែងរកសន្តិភាពពិតប្រាកដសម្រាប់កម្ពុជា។ កិច្ចចរចារពេញមួយថ្ងៃ នៅថ្ងៃទី ២០ មករា ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាពរួមដើម្បីរកដំណោះស្រាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរដើម្បីបញ្ចប់សង្រ្គាមទាំងស្រុង ដែលមានខ្ញុំព្រះករុណា និងអតីត សម្តេចព្រះនរោត្តម សីហនុ។ 

ទោះបីពេលនោះ សាធារណះរដ្ឋប្រជាមានិតកម្ពុជា គ្រប់គ្រងទឹកដី និងប្រជាពលរដ្ឋជាង៩០%ក៏ដោយ ក៏ចំពោះរូបខ្ញុំគឺបានគិតច្បាស់ថា ត្រូវតែស្វែងរកសន្តិភាពអោយបានសម្រាប់កម្ពុជា ហើយត្រូវទទួលយកបងប្អូនជនភៀសខ្លួននៅតាមជំរំនានាពីព្រំដែនកម្ពុជា-ថៃ វិលត្រឡប់មករស់នៅក្នុងប្រទេសវិញ។ ខ្ញុំបានសម្រេចចិត្តថា ត្រូវតែបញ្ចប់សង្រ្គាមបង្ហូរឈាមខ្មែរ ទោះបីការចរចារពេលនោះជួបនិងការលំបាកនិងត្រូវចំណាយពេលច្រើនឆ្នាំយ៉ាងណា ក៏ត្រូវតែធ្វើការចរចារព្រោះវាល្អប្រសើរជាងការប្រយុទ្ឋគ្នាលើសមរភូមិយោធាដែលធ្វើឱ្យឈាមខ្មែរហូរមិនចេះចប់។ ខ្ញុំបានធ្វើការសម្រេចចិត្តដែលកម្ពុជាបានទទួលផលចំណេញ និងឈ្នះទាំងអស់គ្នាមកទល់សព្វថ្ងៃ។

សុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋកាលពី ២៨ ឆ្នាំមុន និងការរស់នៅសព្វថ្ងៃគឺបានបញ្ជាក់ច្បាស់ថា សន្តិភាព បានផ្តល់ឱកាសដល់ពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងកាន់តែរីកលូតលាស់ទៅមុខ។ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពក្នុងប្រទេសយើងមកទល់សព្វថ្ងៃនេះ៕