នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល»

ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕