នៅល្ងាច ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា។

សម្តេចតេជោបានប្រសាសន៍បញ្ជាក់ថា សម្តេចបានជួបឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា តាំងពីខែ៦ ឆ្នាំ២០២០មក ម៉្លេះ តាមរយៈប្រព័ន្ធវីដេអូដូចគ្នា ។ សម្ដេចតេជោបានគូសបញ្ជាក់អំពីការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា តាំងពីឆ្នាំ១៩៨១។ គិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៧០ឆ្នាំហើយនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា។ ដើម្បីប្រារព្ធខួបបនៃទំនាក់ទំនងការទូតនេះ ប្រទេសទាំងពីរនឹងត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៧០ឆ្នាំនេះផងដែរ ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាបានពេញចិត្តចំពោះការសន្ទនាជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ។ ឯកឧត្តមក៏បានចូលរួមរំលែកទុក្ខចំពោះសម្ដេចតេជោដែលបានបាត់បង់បងប្រុសជាទីស្រលាញ់គឺសម្ដេចឧត្តមទេពញាណ ហ៊ុនណេង កាលពីពេលថ្មីៗនេះ ។ ឯកឧត្តមបានបញ្ជាក់ថា ឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងជាយូរលង់ណាស់មកហើយ ពិសេសប្រទេសទាំងពីរក៏មានទំនាក់ទំនងផ្នែកវប្បធម៌ផងដែរ។ ឯកឧត្តមពិតជាមានមោទនភាពចំពោះប្រទេសឥណ្ឌា ដែលបន្តធ្វើការងារ ក៏ដូចជាជួយប្រទេសកម្ពុជាកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២នេះ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានចូលរួមនូវការរំលែកទុក្ខចំពោះការបាត់បង់បងប្រុសរបស់សម្ដេច ហើយសម្ដេចក៏បានគូសបញ្ជាក់ដែរថា ចំពោះគោលនយោបាយឆ្ពោះមកខាងកើតរបស់ប្រទេសឥណ្ឌានេះ វាត្រឹមត្រូវជាមួយនឹងអ្វីដែលជាគោលនយោបាយរបស់អាស៊ានផងដែរ ដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រទេសឥណ្ឌា ហើយចាត់ទុកប្រទេសឥណ្ឌា ជាដៃគូយុទ្ធសាស្ត្រសំខាន់មួយ ។ សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងការពិភាក្សានេះ អ្វីដែលសម្ដេចចង់លើក គឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ក្នុងន័យនេះ សម្តេចតេជោបានអបអរសាទរចំពោះឥណ្ឌាដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រប់គ្រងកូវីដ-១៩ ពីការឆ្លងច្រើនរហូតដល់ឆ្លងតិចតួចនៅពេលនេះ ថ្វីត្បិតតែប្រទេសឥណ្ឌា មានប្រជាពលរដ្ឋច្រើន។ សម្ដេចតេជោក៏បានអរគុណប្រទេសឥណ្ឌា ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជាដែលបានទទួលកាលពីនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ចំនួន៣២ ម៉ឺន៥០០០ដូស។ សម្ដេចតេជោបានបញ្ជាក់ផងដែរថា នេះគឺជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីអ្វីដែលឥណ្ឌាចូលរួមនៅក្នុងសាមគ្គីភាព ហើយធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ ហើយនៅពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៩៣,៦ ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដូច្នេះដោយសារការចូលរួមចំណែករបស់ប្រទេសឥណ្ឌានេះ ធ្វើឲ្យប្រទេសកម្ពុជា បានបើកប្រទេសឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១។ សម្តេចបានគូសបញ្ជាក់ដែរថា មកដល់ពេលនេះ មានរយៈពេល១១ថ្ងៃហើយ ដែលប្រទេសកម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ថ្មីៗឡើយ ។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ឥឡូវនេះ ភាគីទាំងពីរ កម្ពុជា និងឥណ្ឌា កំពុងតែស្វែងរកពេលវេលាសក្តិសមនៅក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលគ្រោងនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ ព្រមទាំងទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជានឹងទៅទស្សនកិច្ចក្នុងឆ្នាំ២០២២ នេះ ដើម្បីចូលរួមពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងការប្រារព្ធខួបទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចតេជោក៏បានអរគុណចំពោះឥណ្ឌា ដែលបានចូលរួមផ្ដល់នៅអណ្ដូងទឹកប្រមាណជា១៥០០អណ្ដូង ក៏ដូចជាការផ្ដល់នូវសម្ភារៈផ្សេងៗទៀតដល់ប្រទេសកម្ពុជាដែលជាជំនួយឥតសំណង។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ-១៩ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ៣០០ លានដុល្លារ។ សម្ដេចតេជោក៏បានស្នើដល់ប្រទេសឥណ្ឌា ២ចំណុច ក្នុងនោះ ទី១)នៅក្នុងការជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ។ លើសពីនេះទៀត សម្ដេចក៏បានលើកឡើងអំពីវិស័យទេសចរណ៍ដែលសម្ដេចបានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ក្នុងការជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍មានការកើនឡើងរវាងប្រទេសទាំងពីរ ហើយជាពិសេសទៀត ដោយសារកម្ពុជា ឥឡូវនេះ បានបើកចំហសម្រាប់ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ ដោយពុំបានទាមទារឱ្យមានការធ្វើតេស្តPCR ឬធ្វើតេស្តរហ័សពេលមកដល់ជាដើម ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញការងារនេះ។ ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចតេជោ បានមានប្រសាសន៍ថា ចំពោះវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងឥណ្ឌា ដោយកម្ពុជាស្វាគមន៍ការកំណត់យកឆ្នាំ២០២២នេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ដែលបានឯកភាពគ្នាលើកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ជាពិសេស ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី ៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កន្លងមកនេះ ហើយកម្ពុជា ទន្ទឹងរង់ចាំក្នុងការប្រារព្ធ និងអនុវត្តសកម្មភាពដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ ។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ឥណ្ឌាចំនួន១លានដុល្លារដល់អាស៊ាន ឆ្លើយតបជាមួយនឹងកូវីដ-១៩ ហើយកម្ពុជា ក៏សូមលើកទឹកចិត្តដល់ឥណ្ឌាឲ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាលសាធារណៈជាតិរបស់កម្ពុជា ជាពិសេសការកសាងសមត្ថភាពអ្នកជំនាញសុខាភិបាលផងដែរ។ សម្ដេចក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលប្រទេសឥណ្ឌាបានផ្ដល់អោយកម្ពុជា តាមរយៈគម្រោងទទួលផលឆាប់រហ័សក្រោមគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌ ដូច្នេះសម្ដេចតេជោ ស្នើសុំឱ្យឥណ្ឌាបន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផលរបស់កម្ពុជាបន្ថែមទៀតដល់បណ្ដាឆ្នាំខាងមុខ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការងារដែលកម្ពុជាបានធ្វើនៅក្នុងនាមជាប្រធានអាស៊ាន ជាពិសេស នៅក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយកម្ពុជា ខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាម ស៊ីវិល ហើយសម្ដេចបានគូសបញ្ជាក់ផងដែរថា សម្ដេចបានបានអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ ខែមករា ២០២២ និងបានជួបជាមួយឯកឧត្តម មីន អោងឡាំង ចំនួន២លើក តាមវីដេអូ ហើយក៏មានទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយបន្ទាប់មក មានកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ាដែលជាជំនួយមនុស្សធម៌។ សម្តេចតេជោ ក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា មកទស្សនកិច្ចនៅប្រទេសកម្ពុជា មុនពេលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬនៅពេលវេលាដែលយើងរៀបចំកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានមានប្រសាសន៍ថា យើងពិតជារីករាយដែលអាចជួយកម្ពុជាបាន ហើយកម្ពុជាជាប្រទេសទី១ នៅក្នុងក្របខណ្ឌនេះ ដែលទទួលបានវ៉ាក់សាំងពីប្រទេសឥណ្ឌា ហើយឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ឯកឧត្តម ពិតជារីករាយដែលឮថា កម្ពុជា មិនមានករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល១១ថ្ងៃមកនេះ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ជាសមាសភាពរបស់ឥណ្ឌា ដែលខិតខំជំរុញជួយខ្លួនឯងផង និងជួយមនុស្សក្នុងសកលលោកផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា នៅពេលនេះ ឥណ្ឌា បានជួយផ្ដល់វ៉ាក់សាំងនេះទៅដល់ប្រមាណ១០០ប្រទេស ហើយក៏បានចូលរួមបណ្ដុះបណ្ដាលមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ប្រមាណជាង ២ពាន់នាក់ ជាពិសេសនៅក្នុងការបណ្ដុះបណ្ដាលគ្រប់វិស័យខុសៗគ្នា ហើយថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា នឹងផ្ដល់អាហារូបករណ៍ចំនួន១០០០ កន្លែងទៀត សម្រាប់វិស័យ IT ក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមកពីប្រទេសអាស៊ាន ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា ។ នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។ ឯកឧត្តមបានបញ្ជាក់ថា ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា គឺអាចបានទទួលផលប្រយោជន៍ពីគម្រោងឆាប់រហ័ស ជាគម្រោងផង តាមរយៈអាហារូបករណ៍ផងដែរ ហើយកន្លងមកនេះ ឥណ្ឌា ក៏មានបេក្ខភាពក្នុងក្របខណ្ឌអន្តរជាតិជាពិសេស ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិហើយជាពិសេស អរគុណកម្ពុជា ដែលគាំទ្រដល់បេក្ខភាពរបស់ប្រទេសឥណ្ឌា ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅក្នុងក្របខ័ណ្ឌកំណែទម្រង់នេះ។ ចំពោះបញ្ហាអន្តរជាតិ ឯកឧត្តមបានគូសបញ្ជាក់ថា ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើយ៉ាងណា គាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសឥណ្ឌា ឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ឯកឧត្តម ពិតជាគាំទ្រនៃតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯកភាពផ្ទៃក្នុងរបស់អាស៊ានផង ក្នុងការដើរតួនាទីសំខាន់ ជាពិសេសទៀត ឯកឧត្តមបានគូសបញ្ជាក់ដែរថា ឯកឧត្តម បានព្យាយាមចូលរួមចំណែកក្នុងការសន្ទនារកដំណោះស្រាយរវាងអ៊ុយក្រែន និងរុស្ស៊ី ។ ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្ដម បានជួបសន្ទនាជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែនកន្លងមកនេះ ដើម្បីធ្វើយ៉ាងម៉េច ឲ្យស្ដារស្ថានភាពនេះមករកសន្តិភាពវិញ។ នៅក្នុងសមុទ្រចិនខាងត្បូង ឯកឧត្តម ចាត់ទុកថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រដែលមានសារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាងណាឱ្យមានសេរី បើកចំហ និងផ្អែកទៅលើច្បាប់អន្តរជាតិ។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ឯកឧត្តម រំពឹងទុកថា នឹងមកទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២ខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម រដ្ឋមន្ត្រីឥណ្ឌា និងស្វាគមន៍នូវចំណុចទាំងឡាយដែលឯកឧត្តមបានលើក។ សម្ដេចមានការជឿជាក់ថា ឥណ្ឌា អាចដើរតួនាទីសមស្របក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី។ សម្ដេចក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៊ី-អ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ដោយសារវាមានផលប៉ះពាល់ដល់សកលលោក ជាពិសេស លើវិស័យសន្តិសុខស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់ ។ ជាចុងក្រោយ សម្ដេចតេជោ បានគូសបញ្ជាក់ដែរថា សម្ដេចទន្ទឹងរង់ចាំក្នុងការទទួលការធ្វើទស្សនកិច្ចរបស់ឯកឧត្តម ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ៕