នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ពិធីសំណេះសំណាលនេះ បានធ្វេីឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ការសំណេះសំណាលនេះ

ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយក្រុមគ្រូពេទ្យប្រឆាំងកូវីដ-១៩ទាំងអស់គ្នាថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រៅតែពីក្រុមគ្រូពេទ្យសម្តេចតេជោហើយនោះ សម្តេចតេជោក៏នឹងមានគម្រោងជួបជាមួយក្រុមគ្រូពេទ្យដទៃទៀតផងដែរ ដើម្បីផ្តល់ឱកាសឱ្យសម្តេចបានថ្លែងអំណរគុណ ចំពោះការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងងាយនោះទេ ជាពិសេសក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិនៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងជាច្រើន បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធជំងឺកូវីដ-១៩នេះ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថាភាព ជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងចៃដន្យនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមគ្រូពេទ្យប្រឆាំងកូវីដ-១៩ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានស្ម័គ្រចិត្តក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរផងដែរគុណដល់ឪពុកម្តាយ ស្វាមី និងភរិយា ដែលបានអនុញ្ញាតឱ្យកូន ភរិយា និងស្វាមី បានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បញ្ហានេះជំងឺកូវីដ-១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា បានកែប្រែទស្សនៈលើក្រុមគ្រូពេទ្យ ដែលកន្លងមកចោទថាក្រុមគ្រូពេទ្យកម្ពុជាល្អតែ១០%ប៉ុណ្ណោះ តែពេលនេះ ប្រជាពលរដ្ឋបានចាត់ទុកក្រុមគ្រូពេទ្យជាកងទ័ពអាវស ដ៏អង់អាចក្លាហានក្នុងការសង្គ្រោះជីវិតមនុស្ស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបណ្តុះបណ្តាលវិស័យសុខាភិបាលពិតជាមានការពិបាក និងមិនអាចធ្វើដូចវិស័យអប់រំ ដែលយកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកអត់ចេះសោះនោះទេ តែវិស័យសុខាភិបាលមិនអាចធ្វើដូចច្នេះបានឡើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមិនអាចលុបការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរមកចូលប្រទេសកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងនោះឡើយ។ សម្តេចតេជោបានបញ្ជាក់ថា បើសិនជាមានការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ពីក្រៅប្រទេស គឺវាប្រៀបដូចលើកទឹកចិត្តសម្រាប់មនុស្សដែលមិនបានចាក់វ៉ាក់សាំង។ ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លទ្ធផលកិច្ចប្រជុំកំពូលពិសេសនេះ ទទួលបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រគួរអោយកត់សម្គាល់។ ហើយទាក់ទងទៅនឹងហេតុការណ៍គបស្បែកជើងមកសម្ដេចពេលនោះ នៅថ្ងៃនេះ សម្តេចតេជោបានថ្លែងថា បើសម្តេចមិនហាមឃាត់ទេ ជនដែលគប់សម្តេចអាចនឹងមានគ្រោះថ្នាក់។ សម្តេចតេជោបានមានប្រសាសន៍ថា មានកម្លាំង៣ក្រុម ស្នើសុំសម្តេចធ្វើបាតុកម្មសុំអាមេរិកចាត់វិធានការលើជនគប់សម្តេច ប៉ុន្តែសម្តេចហាមឃាត់មិនឱ្យធ្វើនោះឡើយ។ សម្តេចតេជោបានចោទសួរទៅអាមេរិកថា តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? សម្តេចក៏ស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់ បើគិតថា ការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាផង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រសាសន៍ច្បាស់ៗថា សម្តេចមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងមកលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណានោះ គឺអាស្រ័យទៅលើអាមេរិកផ្ទាល់។ សម្តេចតេជោក៏បានណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ និងគាំទ្រសម្តេច អោយ រក្សាភាពនឹងនរ ដោយមិនត្រូវធ្វើការតបតណាមួយនោះឡើយ គឺទុកឱ្យអាមេរិក ជាអ្នកចាត់ចែង។ សម្តេចតេជោក៏បានណែនាំទូតខ្មែរនៅអាមេរិក មិនឱ្យធ្វើកំណត់ទូតណាមួយទៅកាន់រដ្ឋាភិបាលអាមេរិកនោះឡើយ។ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាថ្មីដល់ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងកូវីដ-១៩ទាំងអស់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុជាតិមាតុភូមិមួយនេះទេ។ មុននឹងបញ្ចប់ សម្ដេចតេជោក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូនដល់មន្ត្រីជួរមុខ និងក្រុមគ្រូពេទ្យបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងបរិយាកាសរីករាយបំផុត៕