បន្ទាប់ពីបានជួបជាមួយអ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI)រួចហើយនោះ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀត ជាមួយឯកឧត្តម កាបាសហ្ស៊ីម៉ា អ៊ីគូអុ អភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន ៨ក្រុមហ៊ុនទៀត ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងរៀបចំធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ដែលបាននឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោបានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននេះច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា គឺមានភាពល្អប្រសើរច្រើនសម្រាប់អ្នកវិនិយោគក្រៅប្រទេសទាំងអស់ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជាគឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង ពង្រីក ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរ អោយក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាមានគម្រោងទៅវិនិយោគ ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់នាពេលខាងមុខ៕