សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ជាមួយនឹងការប្រកាសបើកយុទ្ធនការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត បានមកទទួលវ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពេលនេះកម្ពុជាស្ថិតនៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ ខណៈដែលស្ថានភាពកូវីដ-១៩ នៅលើពិភពលោកមិនទាន់មានការថមថយនៅឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជាថ្មីម្តងទៀតថា សម្តេចមិនចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចទេ គឺត្រូវចាក់ស្រោចវ៉ាក់សាំងតែម្តង ទើបមានភាពស៊ាំក្នុងសហគមន៍ ដែលមានន័យថា ស្រោចកន្លែងណាគឺត្រូវស្រោចឱ្យជោគតែម្តង។ សម្តេចតេជោ បានមានប្រសាសន៍ថា យើងមានវិធានការ៣សំខាន់ៗ ដែលកម្ពុជាដាក់ចេញជាប្រចាំថ្ងៃ នោះគឺទី១ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ទី២ ការចាក់វ៉ាក់សាំង និងទី៣ ការព្យាបាលដោយថ្នាំ និងវិធីថ្មីៗ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលការណ៍បើកសាលាឡើងវិញ រួមមានទី១ នៅតាមជនបទដែលមានហានិភ័យទាប ទី២ នៅតំបន់មានហានិភ័យមធ្យម ដែលផ្តល់លទ្ធភាពឱ្យថ្នាក់ទី៩ ដល់១២, ទី៣ នៅតំបន់ដែលមានហានិភ័យខ្ពស់ គឺត្រូវរៀនតាមអនឡាញ, ទី៤ ត្រូវបង្កើតគណៈកម្មការតាមដាន ទី៥ បន្តត្រួតពិនិត្យអ្នកជំងឺថ្មី កុំឱ្យឆ្លងចូលសាលារៀន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការបើកអ្វីៗឡើងវិញក្រោយថមថយកូវីដ ត្រូវចាប់ផ្តើមពីដំបូងវិស័យអប់រំ បន្ទាប់មកគឺវិស័យសេវា ដែលវិស័យសេវាត្រូវធ្វើ២ជំហាន ដោយជំហានទី១ បើកទេសចរណ៍ក្នុងស្រុក ជំហានទី២ គឺទេសចរណ៍វ៉ាក់សាំង។ សម្តេចតេជោ ថ្លែងថា ពេលខាងមុខ អ្នកចាក់វ៉ាក់សាំងគ្រប់អាចមកកម្ពុជាបាន ប៉ុន្តែអាចធ្វើចត្តាឡីស័កនៅក្របខណ្ឌមូលដ្ឋានខេត្តនោះ៧ថ្ងៃ ដោយមិនឱ្យឆ្លងទៅខេត្តដទៃ។ កម្ពុជាសុខចិត្តចំណាយរាប់រយលានដុល្លារដើម្បីរកវ៉ាក់សាំង ដើម្បីទាញចំណូលរាប់ពាន់ដុល្លារត្រឡប់មកវិញ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគណៈកម្មការចាក់វ៉ាក់សាំង សិក្សាអំពីការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ ទៅ៦ឆ្នាំ ដែលមានប្រមាណជាង ៩១ម៉ឺននាក់នៅកម្ពុជា ខណៈដែលពួកគេត្រូវចូលរៀនថ្នាក់មត្តេយ្យផងដែរ។ នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសរួមគ្នាតែម្ដងជាមួយនឹងការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី៦ ឆ្នាំដល់១២ ឆ្នាំ និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ប្រជាពលរដ្ឋកម្ពុជាចាប់ពីពេលនេះតទៅផងដែរ ៕