កម្ពុជា ផ្ដល់ម៉ាសចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ ប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះខ្ញុំចាត់តាំង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ។ ជាមួយនឹងការខិតខំរួមគ្នា ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើង នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕