ចូលរួមថែរក្សាសុខភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរនៅទូទាំងប្រទេស ទោះបីបងប្អូនធ្វើដំណើរទៅទីណាក៏ដោយ ទី១ ត្រូវតែប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពក្នុងពេលបើកបរ គឺត្រូវគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ព្រោះគ្រោះថ្នាក់អាចកើតឡើងតែមួយវិនាទីប៉ុណ្ណោះ ប្រសិនបើយើងធ្វេសប្រហែសមិនគោរពច្បាប់។

ទី២ ត្រូវការពារសុវត្ថិភាពសុខភាពខ្លួនយើង និងក្រុមគ្រួសារ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ដូចនៅសហរដ្ឋអាមេរិកដែលចំនួនអ្នកឆ្លងកំពុងកើនឡើងយ៉ាងគំហុគ។ នៅកម្ពុជាយើង មកទល់ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៧១នាក់ ព្យាបាលបានជាសះស្បើយ ១៣៦ នាក់ និងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលពេលនេះគឺមាន ៣៥នាក់ (២នាក់ជាមន្ត្រីស្ថាតទូតអាមេរិក)។ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ជាពិសេសនៅពេលដែលពិនិត្យសុខភាពរួចហើយ អនុញ្ញាត្តិអោយរស់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង នឹងសម្រាប់អ្នកដទៃផង។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារអោយបានល្អ ហើយកុំធ្វេសប្រហែសដោយគិតខ្លីថាមិនអីទេ។ ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត្តិ ធនគារ និងកន្លែងប្តូរប្រាក់តូចធំ ក្លីនិកតូចធំ ក្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជនឬក្រុមគ្រួសារអ្នកជំងឺដើម្បីទប់ស្កាត់ការរិករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រុវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។ សូមជូនពរបងប្អូនបានចៀសផុតពីជំងឺឆ្លងរលាកផ្លុវដង្ហើមកូវីដ១៩ ទាំងអស់គ្នា។