ខ្ញុំព្រះករុណា និងភរិយាសូមផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០។ សូមអរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទ័យទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម

ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។ ជាមួយគ្នានេះដែរ សូមអរគុណសម្តេច ឯកឧត្តម លោកជំទាវ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិការគណបក្សប្រជាជនដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ ចឹល ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរអោយព្រួយបារម្ភខ្លាំងណាស់។ នៅពេលរសៀលនេះ ខ្ញុំនិងភរិយាគ្រោងនឹងនាំទ័យយទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក។ ខ្ញុំនិងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាមួយពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា៕