នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគ្គសម័យឌីជីថល។

ប្រធានបទស្ដីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» ពិតជាមានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗនៅក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេស នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ, ការលើកកម្ពស់តួនាទីស្ត្រី គឺជា ផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDG 2030) ។ ក្នុងបរិការណ៍បច្ចុប្បន្ន, ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមាន លើស្ត្រីច្រើនជាងបុរស, ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម, ជាពិសេសស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើន មានការងារនៅក្នុងវិស័យសេវាកម្ម និង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយអាចមិនបានទទួលនូវការឧបត្ថម្ភពីកម្មវិធីគាំពារសង្គម ដែលជាធម្មតាគ្របដណ្ដប់លើកម្មករ-និយោជិត សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ទោះយ៉ាងណាក៏ដោយ, ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Information) ត្រូវបានចាត់ ទុកថាជាកាលានុវត្តភាព និង កាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន ។ ជាក់ស្តែង, ការចូលរួមចំណែករបស់ស្ត្រក្នុងការ- ជំរុញកំណើនសេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន។ ហេតុនេះ, រដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន និង ភាគីពាក់ព័ន្ធ, ជាពិសេស វិស័យឯកជន, ត្រូវរួមគ្នាបង្កើតបរិយាកាសមួយអំណោយផលដែលអាចឱ្យស្ត្រីមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្តភាព និងសក្តានុពលថ្មីទាំងនេះ។ ក្នុងន័យនេះ, យើងគួរបន្តផ្តល់អាទិភាពខ្ពស់ចំពោះការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល ដោយផ្តោតលើការងារដូចខាងក្រោម៖ ទី១). បង្កើនការផ្តល់សេវា និង លើកកម្ពស់ការទទួលបានសេវារបស់ស្ត្រី និងកុមារី ក្នុងការប្រើប្រាស់ សេវា ICT តាមរយៈ ៖ ការផ្តល់សេវា និង ទីកន្លែង ដែលស្ត្រីអាចប្រើប្រាស់សេវា ICT ដោយងាយស្រួល និងមានសុវត្ថិភាព និងការវិនិយោគ និងការរៀបចំគោលនយោបាយ ប្រកប ដោយបរិយាប័ន្ន សំដៅផ្តល់សេវា ICT ក្នុងថ្លៃសមរម្យ (affordable ICT service)។ ទី២). ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែក STEAM ដែលអាចឱ្យស្ត្រី និង កុមារីទទួលបាន ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹង ICT ។ ទី៣). បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការបង្កើនការ- យល់ដឹងអំពីការអភិវឌ្ឍអាជីវកម្មសំខាន់ៗ ជាពិសេស សម្រាប់សហគ្រាសធុនតូច និង មធ្យម និង វិស័យ ICT, ពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម, និង រៀបចំដាក់វិធានការលើកស្ទួយតួនាទីរបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិទៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩។ ទី៤). រៀបចំប្រព័ន្ធបរិស្ថាន (Ecosystem) មួយឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសកម្រិត តូចនិង មធ្យម និងសហគ្រិនជាស្ត្រី ដោយយកចិត្តទុកដាក់ដល់ការបញ្ជ្រាបច្ចេកវិទ្យា ឌីជីថល, ការទទួលបានធនធានហិរញ្ញវត្ថុ, ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព ។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល។ ទី៥). ពង្រឹងជំនាញ ដូចជា អក្ខរកម្មឌីជីថល (Digital literacy) និង ការការពារអត្តសញ្ញាណ ដើម្បី ឱ្យស្ត្រីអាចទទួលបានប្រយោជន៍ពេញលេញ និង ប្រកបដោយសុវត្ថិភាព ពីសេដ្ឋកិច្ចឌីជីថល។ ទី៦). លើកកម្ពស់គំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តន៍នានា (Best practice) ពាក់ព័ន្ធនឹងការលើក- ស្ទួយតួនាទីស្ត្រីលើផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែក និងផ្លាស់ប្តូរបទពិសោធរវាងប្រទេសសមាជិកអាស៊ានទាំងអស់។