នៅក្នុងពេលអញ្ជើញបើកពិធីបុណ្យទន្លេលើកទី ៦ នៅខេត្តបាត់ដំបងនាយប់ថ្ងៃទី ១៤ ខែ មីនា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍អោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងកសាងផ្លូវយុទ្ធសាស្រ្ត១ខ្សែតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលកាត់តាមខេត្តបន្ទាយមានជ័យ ហើយដែលផ្លូវនេះក៏អាចតភ្ជាប់ទៅកាន់ខេត្តផ្សេងៗមួយចំនួនទៀតដែរដូចជា

ខេត្តប៉ៃលិន និង ពោធិ៍សាត់ ជាដើម។ ផ្លូវថ្មីនេះគឺចំណេញដល់ការធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាបបានរហូតដល់ ៦៩គីឡូម៉ែត្រ ។ រាជរដ្ឋាភិបាលនឹងរកឥណទានសម្រាប់កសាងផ្លូវនេះនៅក្នុងគម្រោង ឆ្នាំ ២០២១។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពា់ក់ព័ន្ធនានាខិតខំសិក្សា និងរក្សាអោយបាននូវព្រលានយន្តហោះបែកចាន។ ទោះបីនៅពេលនេះមិនទាន់ត្រូវការប្រើប្រាស់ ប៉ុន្តែនៅពេលខាងមុខគឺពិតជាត្រូវការមិនខាន។ សម្តេចតេជោ បានស្នើអភិបាលខេត្ត និង សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជូនដំណឹងដល់ពលរដ្ឋកុំអោយសាងសំណង់ខ្ពស់ៗនៅទីតំបន់ព្រលានចាស់នោះ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះនាពេលអនាគតខាងមុខ ។ ពិតណាស់ ពេលប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ គឺនៅពេលនោះតម្រូវការកសាងព្រលានយន្តហោះគឺត្រូវតែមាន ដើម្បីពលរដ្ឋមានជម្រើសមធ្យោបាយធ្វើដំណើរតាមឡាន ឬតាមរថភ្លើង ឬតាមយន្តហោះ ឬឧទ្ធម្ភាគចក្រ ជាដើម។ល។ ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ ១៩ ។ សម្តេចតេជោ បានអំពាវនាវដល់ពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវមានអនាម័យហើយត្រូវចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដែលបំពុលសង្គមជាតិ។ សូមបងប្អូនប្រជាពលរដ្ឋកុំភ័យខ្លាចជ្រុលខ្លាំងពេក។ មកទល់ថ្ងៃនេះ គឺមាន ១៤៦ប្រទេសនិងដែនដី រួមទាំងនាវា ១ដែលដែលកំពុងមានរីករាលដាលជំងឺឆ្លងកូវីដ ១៩ ។ រាជរដ្ឋាភិបាលកម្ពុជាសហការជាមួយពិភពលោកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។ មកទល់ពេលនេះ កម្ពុជាមានពលរដ្ឋខ្មែរ ១នាក់ ដែលបានឆ្លងមេរោគកូវីឌ១៩ និងមានជនជាតិអង់គ្លេស៣ នាក់ ចិន១នាក់ (ប៉ុន្តែបានព្យាបាលជា ហើយបញ្ជូនទៅកាន់ប្រទេសកំណើតវិញហើយ) និង ជនជាតិកាណាដា២នាក់ដែលបានឆ្លងមេរោគកូវីឌ១៩។ ក្រសួងសុខាភិបាលកម្ពុជាកំពុងធ្វើការជិតស្និទជាមួយដៃគូទាំងអស់ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក (WHO) ក្នុងការព្យាបាល និងទប់ស្កាត់ជំងឺនេះ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ថា កម្ពុជាគ្មានហេតុផលណាដែលត្រូវលាក់ទុកទិន្នន័យអ្នកឆ្លងជំងឺកូវីឌ១៩ នោះទេ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរជាមួយមិត្តចិន ដែលបានខិតខំជំនះបាននូវគ្រោះមហន្តរាយ ដោយបានរំដោះខ្លួនចេញពីជំងឺឆ្លងដ៏កាចសាហាវនេះ ដែលបានធ្វើអោយចំនួនអ្នកឆ្លងមេរោគត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយដែលមកទល់ថ្ងៃនេះគឺពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នេះទេ។ ស្របពេលជាមួយគ្នានេះដែរ មិត្តចិនកំពុងជួយទៅលើប្រទេសដទៃទៀតដែលកំពុងរាតត្បាតដោយជំងឺឆ្លងកូវីឌ ១៩ នេះ គឺមានដូចជាប្រទេសអ៊ីតាលី និងប្រទេសកូរ៉េខាងត្បូង ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបជូនជាសាធារណៈអោយដឹងផងដែរថា ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចផ្អាកជាបណ្តោះអាសន្នបិទគ្រឹះស្ថានអប់រំចំណេះដឹងទូទៅរដ្ឋ និងឯកជននៅក្នុងទីរួមខេត្តសៀមរាប និង ក្នុងរាជធានីភ្នំពេញ។ នេះគឺជាការផ្អាកបណ្តោះអាសន្នដែលហៅថា វិស្សមកាលតូច ដែលក្រសួងនឹងជូនដំណឹងអំពីថ្ងៃចូលសិក្សាវិញនៅពេលក្រោយ។ នៅពេលនេះ សុខភាពគឺសំខាន់បំផុតសម្រាប់ពលរដ្ឋទូទាំងប្រទេស។ ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមអំពាវនាវជាបន្តដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវតែមានអនាម័យរស់នៅល្អ ទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ ហើយត្រូវចូលរួមទប់ស្កាត់ជម្ងឺឆ្លងនេះទាំងអស់គ្នា។ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា បើមានការសង្ស័យណាមួយ សូមទំនាក់ទំនងជាបន្ទាន់មកកាន់មន្ទីរពេទ្យជំនាញដើម្បីទទួលបានការពិនិត្យ និងព្យាបាល៕