នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨

ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ផ្លូវនេះបានចំណោយថវិកាសាងសង់ប្រមាណ ១២២.៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករជាដើម។ ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះក៏ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន ដោយប្រើរយៈពេលសាងសង់ចំនួន ៤៣ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយ ដែលបានមកកាន់ទីនេះ ដើម្បីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទាំងអស់ដែលកន្លងមកតែងតែគោរពស្រលាញ់សម្តេច និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះហើយ ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺសម្តេចតេជោបានដាក់ចេញនូវគោលដៅពីរសំខាន់ ដែលគោលដៅទី១)គឺការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់អោយក្លាយទៅជាតំន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ និងគោលដៅទី២)គឺការប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយទៅជាព្រំដែនដែលមានសុខសន្តិភាព តំបន់ទីផ្សារ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយក្តីមោទនភាពចំពោះនយោបាយ ឈ្នះ ឈ្នះ ដែលសម្តេចបានដាក់ចេញកាលពីចុងឆ្នាំ១៩៩៨ ហើយផ្តើមចេញពីគោលនយោបាយ ឈ្នះ ឈ្នះ នេះហើយ ដែលបានពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបទី១០ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្ទាប់ពីសម្តេចតេជោបានចុះហត្ថលេខាជាមួយមិត្តចិនកាលពីឆ្នាំ២០១០។ សម្តេចតេជោបានប្រកាសនៅថ្ងៃនេះថា នៅថ្ងៃទី០៩ កុម្ភៈខាងមុខនេះ គឺសម្តេចតេជោនឹងអញ្ជើញទៅសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីតំបន់សំឡូតទៅខេត្តកោះកុង ដែលជាជំនួយមិត្តចិនជាបន្តទៀត។ ជាមួយគ្នានេះ សម្តេចតេជោបន្តទៀតថា មកដល់បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ ខ្សែ មានប្រវែងសរុប ២,៧៧៩ គីឡូម៉ែត្រ ,គម្រោងកំពុងសាងសង់មានចំនួន0៥ ខ្សែ មានប្រវែង ប្រមាណ ៤៩៧,២០ គីឡូម៉ែត្រ។ ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ០៨ ស្ពាន មានប្រវែងសរុប ៧,៤៣៤ ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥៨ នេះ ដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្រ្តមួយ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចផង ការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃ ពីព្រោះផ្លូវនេះបានតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅនឹងខេត្តឧត្តរមានជ័យ ស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ទីក្រុងប៉ោយប៉ែត ដែលជាទីក្រុងដ៏មានសក្តានុពល និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏សំខាន់។ ផ្លូវជាតិនេះ អាចសម្រួលដល់ការផ្លាស់ប្តូរផលិតផល សកម្មភាពពាណិជ្ជកម្ម និងសុខាភិបាល រវាងប្រជាពលរដ្ឋថៃ និងកម្ពុជា ហើយក៏អាចសម្រួលដល់វិស័យទេសចរណ៍ពីប្រទេសថៃមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ផងដែរ។ មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ៗ ព្រមទាំងបានផ្តល់អំណោយជូនដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងបរិយាកាសរីករាយ និងបន្ទាប់មកក៏បានអញ្ជើញរួមគ្នាជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥៨ ចាប់ពីពេលនេះតទៅ៕