នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសាស្ត្រាចារ្យ Anh Moon Suk ប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់នៃប្រទេសកូរ៉េ ដើម្បីសំដែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកសាស្រ្តាចារ្យ Anh Moon Suk បានដឹកនាំមកនូវសមាជិកមួយចំនួន រួមទាំងអគ្គនាយកនៃការិយាល័យ E-Government និងប្រធាននៃភ្នាក់ងារសង្គមព័ត៌មានជាតិ រួមទាំងអ្នកឯកទេសមួយចំនួនទៀត ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងសេចក្ដីរីករាយដែលបានជួបស្ថាបនិកនៃ E-Government របស់ប្រទេសកូរ៉េ ហើយសម្ដេចតេជោជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកំពុងជំរុញ E-Government ហើយសង្ឃឹមថាកូរ៉េ អាចបន្តជួយរាជរដ្ឋាភិបាលលើ E-Government នេះ។ លោកសាស្រ្តាចារ្យ ក៏បានលើកឡើងពីបទពិសោធន៍ខ្លះរបស់រដ្ឋាភិបាលកូរ៉េ ជាពិសេសកន្លងមកនេះគឺខាងការិយាល័យ E-Government របស់កូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញ E-Government ហើយរដ្ឋាភិបាលកូរ៉េចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជាពាក់ព័ន្ធនឹងការងារ E-Government នេះ មិនតែប៉ុណ្ណោះ លោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រធានាធិបតីរបស់កូរ៉េ ក៏មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឲ្យភាគីកូរ៉េផ្ដល់នូវចែករំលែកបទពិសោធន៍ជាក់លាក់ ពាក់ព័ន្ធនិង E-Government នេះជាមួយកម្ពុជាតែម្ដង។ សម្តេចតេជោបានស្នើអោយ លោក Anh Moon Suk ទៅកម្ពុជា ដើម្បីជួយក្នុងការបណ្ដុះបណ្ដាលក៏ដូចជាការរៀបចំផែនការមេសម្រាប់ E-Government ផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរលោកសាស្ត្រចារ្យក៏បានមានប្រសាសន៍ថា ប្រធានាធិបតីកូរ៉េថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានគំនិតផ្ដួចផ្ដើមនៅក្នុងការឱ្យមានកិច្ចប្រជុំកំពូលមេគង្គកូរ៉េ , លោកសាស្ត្រាចារ្យបន្ថែមទៀតដែលថា នៅក្នុងប្រទេសកូរ៉េគឺមានភ្នាក់ងារសង្គមព័ត៌មានជាតិរបស់កូរ៉េ និងជាស្ថាប័នទទួលខុសត្រូវមួយក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើយ៉ាងណាបណ្ដុះបណ្ដាលលើវិស័យ IT នេះ ហើយក្រោយពីការសិក្សានិងពិភាក្សារួចហើយនោះគឺខាងរដ្ឋាភិបាលកូរ៉េនឹងរៀបចំការផ្ដល់ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងE-Government នេះក្នុងការបណ្ដុះបណ្ដាល និងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ E-Government ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដែរថាពាក់ព័ន្ធនឹង E-Government នេះរាជរដ្ឋាភិបាលកម្ពុជាក៏ធ្វើការបានមួយចំនួនធំដែរហើយ ហើយអ្វីដែលសម្ដេចចង់បាននោះគឺការបណ្ដុះបណ្ដាលការរៀបចំផែនការមេការ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង E-Government ពីកូរ៉េដល់ប្រទេសកម្ពុជា ហើយជាពិសេសទៀតក្នុងការបណ្ដុះបណ្ដាលមន្ត្រី មុននឹងរៀបចំផែនការមេឬផែនទីចង្អុលផ្លូវពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែកនេះ។ សម្ដេចតេជោក៏បានស្នើសុំឲ្យខាងភាគីកូរ៉េស្វែងយល់ពីស្ថានភាពនៃ IT ក៏ដូចជា E-Government នៅប្រទេសកម្ពុជា មុននឹងការរៀបចំ ផែនការមេនេះក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។ លោកសាស្រ្តាចារ្យបានមានប្រសាសន៍ដែរថា E-Government នេះអាចជួយរដ្ឋាភិបាលកម្ពុជាជាច្រើននៅក្នុងគ្រប់វិស័យទាំងអស់ជាពិសេសធ្វើយ៉ាងណាឲ្យមន្ត្រីរាជរដ្ឋាភិបាលជាមន្ត្រីរាជការអាចរៀនសូត្រឱ្យបានច្រើនដើម្បីចូលរួមការអនុវត្តនៅ E-Government នេះ ។ ជារួមសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ជាពិសេសនៅក្នុងការរៀបចំការបណ្ដុះបណ្ដាល ការរៀបចំផែនការមេ ហើយ និងស្វាគមន៍ចំពោះជំនួយពីកូរ៉េ ក្នុងការបណ្ដុះបណ្ដាលផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យ E-Government ប្រទេសកម្ពុជាមានការរីកចម្រើនមួយកម្រិតធំទៀត៕