នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិក្សាការងារជាមួយឯកឧត្តម មូន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង។ ក្នុងជំនួបនោះ ឯកឧត្តម មូន ជេអ៊ីន បានស្វាគមន៍ចំពោះសម្ដេចតេជោ និងរីករាយដែលបានជួបជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនៅពេលនេះ។

ឯកឧត្តមបានបួងសួងសូមឲ្យសុខភាពម្ដាយក្មេករបស់សម្ដេចបានធូរនឹងជាសះស្បើយឆាប់ខាងមុខនេះ។ ឯកឧត្តមប្រធានាធិបតីកូរ៉េ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េដែលគំនិតផ្តួចផ្តើមរបស់សម្តេចតេជោបានដំណើរការទៅដោយជោគជ័យ និងបានអរគុណសម្ដេចតេជោ ចំពោះការផ្ដួចផ្ដើមគំនិតនៅក្នុងការរៀបចំកិច្ចប្រជុំលើកដំបូង ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកាល២០១៩កន្លងទៅ។ ឯកឧត្តមបានគូសបញ្ជាក់ថា យើងបានអនុវត្តនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ចំពោះគំនិតផ្ដួចផ្ដើមនេះ។ ពាក់ព័ន្ធជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តម បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ បានឡើងដល់កម្រិតមួយចាស់ទុំ និងបានបញ្ចប់កិច្ចព្រមព្រៀងពាក់ព័ន្ធជាមួយនឹងការផ្តល់ជំនួយផ្នែកច្បាប់ ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តមរីករាយចំពោះដំណើរការនៃទំនាក់ទំនងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្ដល់ការគាំទ្រយ៉ាងសកម្មចំពោះការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅកម្ពុជានៅចុងឆ្នាំនេះ។ ឯកឧត្តមសង្ឃឹមថា កម្ពុជានឹងគាំទ្រកិច្ចប្រជុំពាក់ព័ន្ធនៃកំណើនសេដ្ឋកិច្ចបៃតងដែលនឹងរៀបចំនៅប្រទេសកូរ៉េនៅចុងឆ្នាំនេះផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណរដ្ឋាភិបាលកូរ៉េ ដែលបានអញ្ជើញសម្ដេចមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ពិភពលោកនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ដែលរដ្ឋាភិបាលកូរ៉េបានផ្ដល់ដល់កម្ពុជា។ សម្ដេចតេជោក៏អរគុណផងដែរចំពោះការយល់របស់ឯកឧត្តមប្រធានាធិបតីកូរ៉េចំពោះអវត្តមានរបស់សម្ដេច ក្នុងការចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េកាលពីខែវិច្ឆិកា ២០១៩ កន្លងទៅនេះ។ សម្ដេចតេជោបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ បានក្លាយទៅជាទំនាក់ទំនងស៊ីជម្រៅ ពេញលេញ ក្រោយពីការបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ និងមានកិច្ចព្រមព្រៀងជាច្រើនរវាងប្រទេសទាំងពីរដែលបានចុះជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោពិតជារីករាយដែលបានឃើញកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នា ដែលត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០១៩ ដែលកិច្ចព្រមព្រៀងនឹងផ្តល់ភាពងាយស្រួល សម្រាប់អ្នកវិនិយោគប្រទេសទាំងពីរ ក្នុងការបណ្ដាក់ទុនរកស៊ី។ សម្ដេចបានបញ្ជាក់ថា ការកែទម្រង់ការវិនិយោគ នឹងផ្ដល់ឱកាសសារជាថ្មីចំពោះអ្នកវិនិយោគ ហើយសង្ឃឹមថា ឯកឧត្តមប្រធានាធិបតីនិងជួយជំរុញឲ្យអ្នកវិនិយោគិនកូរ៉េបន្តមកដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ បានបន្តកើនឡើងនៅឆ្នាំ២០១៩ កន្លងទៅ ក្នុងន័យនេះសម្ដេចតេជោចង់ឃើញឲ្យមានការនាំចេញផលិតផលរបស់កម្ពុជាបន្ថែមទៀតមកកាន់ទីផ្សារកូរ៉េ។ កម្ពុជាបាននាំស្វាយស្រស់ទៅកាន់ទីផ្សារកូរ៉េ កាលពីដើមឆ្នាំកន្លងទៅ ដែលក្នុងនេះសម្ដេចបានត្រេកអរចំពោះការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារកូរ៉េ។ សម្ដេចចង់ឃើញការបន្តធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យកសិកម្ម នៅប្រទេសកម្ពុជា។ សម្ដេចតេជោ បានស្នើឱ្យឯកឧត្តមប្រធានាធិបតី ជួយគាំទ្រក្នុងការពង្រឹងការវិនិយោគលើវិស័យកសិកម្មនៅប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជម្រុញការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញមកកាន់កូរ៉េផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ស្នើឲ្យកូរ៉េបន្ត បន្តកិច្ចព្រមព្រៀងចាស់ពាក់ព័ន្ធវិស័យទេសចរណ៍ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ចង់ឃើញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ ពាក់ព័ន្ធជាមួយនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ សម្ដេចអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជួយក្នុងការផ្ដល់ឥណទានដល់កម្ពុជា ជាពិសេសចាប់ពីឆ្នាំ ២០១៩ ដល់២០២០ មានការកើនឡើងពី៣៥០ ទៅ៧០០ លានដុល្លារសហរដ្ឋអាមេរិក ដែលនឹងជួយក្នុងការតភ្ជាប់នឹងពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាពីខេត្តមួយ ទៅខេត្តមួយ ដូចជាផ្លូវជាតិលេខ២២ និងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨ផងដែរ។ ពាក់ព័ន្ធជាមួយនឹងបញ្ហាធនធានមនុស្ស សម្ដេចតេជោ អរគុណដល់រដ្ឋាភិបាលកូរ៉េដែលបានផ្ដល់អាហារូបករ ណ៍ជូនដល់និស្សិតកម្ពុជា។ សម្ដេចអរគុណដល់កូរ៉េដែលបានផ្ដល់ការគាំទ្រចំពោះពលករកម្ពុជានៅធ្វើការនៅកូរ៉េ។ សម្ដេចក៏បានស្នើឱ្យមានជំរុញកិច្ចព្រមព្រៀងពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្មក្នុងការបន្តពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំថែមទៀត។ សម្ដេចក៏ចង់ឃើញសាធារណរដ្ឋកូរ៉េ ជួយសាងសង់ស្ពានដែលធ្វើឡើង ដោយសាធារណរដ្ឋកូរ៉ ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គ ត្បិតបច្ចុប្បន្នកម្ពុជា មានស្ពានមិត្តភាពកម្ពុជា ចិន ស្ពានមិត្តភាពកម្ពុជា ជប៉ុន។ សម្ដេចតេជោ ស្នើឲ្យរដ្ឋាភិបាលកូរ៉េ ពិចារណាក្នុងការជួយការកសាងស្ពាននៅពេលខាងមុខផងដែរ។ ឯកឧត្តមបញ្ជាក់ថា តាមពិតជារីករាយដែលកូរ៉េបានបង្កើតមជ្ឈមណ្ឌលកសិកម្មនៅកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋកូរ៉េកាន់តែរីករាយជាមួយនឹងផលិតផលផ្លែស្វាយពីប្រទេសកម្ពុជា និងទិន្នផលផលិតផលផ្សេងទៀតពីកម្ពុជាផងដែរ។ ឯកឧត្តម បានបញ្ជាក់ផងដែរថា ភាគីទាំងពីរមានឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមបញ្ជាក់ថា នឹងខិតខំជំរុញឲ្យវិនិយោគិន និងក្រុមហ៊ុនកូរ៉េមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើន និងការចាប់យកឱកាសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជាផងដែរ។ ឯកឧត្តមបានអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រដល់គោលការណ៏៣ របស់រដ្ឋាភិបាលកូរ៉េ ជាពិសេសក្នុងការធ្វើយ៉ាងណា ប្រែក្លាយជាឧបទ្វីបកូរ៉េ ទៅជាឧបទ្វីប ដែលមានសន្តិភាព ហើយសង្ឃឹមថា វឌ្ឍនភាពនៃឧបទ្វីបកូរ៉េនឹងបន្តដំណើរការទៅមុខទៀត។ កូរ៉េនឹងរៀបចំនូវកិច្ចប្រជុំកំពូលស្តីពី កំណើនបៃតងនៅចុងឆ្នាំ២០២០។ ពាក់ព័ន្ធជាមួយបញ្ហាពលករ រដ្ឋាភិបាលកូរ៉េ អរគុណដល់កម្ពុជា ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េ នឹងបន្តការយកចិត្តទុកដាក់ចំពោះពលកររបស់កម្ពុជា។ ពាក់ព័ន្ធជាមួយនឹងវិស័យទេសចរណ៍ទៅលើអនុស្សារណៈដែលបានចុះកាលពីឆ្នាំ២០០៦ បញ្ជាក់ថាយើងនឹងបន្តធ្វើការជាមួយគ្នាបន្ថែមទៀតនៅពេលខាងមុខ៕