នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ (World Summit 2020 Assembly, Seoul Korea) នៅសាធារណរដ្ឋកូរ៉េដែលកិច្ចប្រជុំនេះ គឺមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំប្រទេសជាច្រើនលើពិភពលោក។

សម្តេចតេជោនាយករដ្ឍមន្រ្តី មានសេចក្តីរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមនៅក្នុងមហាសន្និបាតកិច្ចប្រជុំកំពូលពិភពលោកគម្រប់ខួប១០០ឆ្នាំ និងកិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េនិងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដែលបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះដល់សម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលពិភពលោកនេះ គឺជាវេទិកាដ៏សំខាន់ដែលបង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំមកពីគ្រប់មជ្ឈដ្ឋានទាំងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលធ្វើការពិភាក្សានិងផ្លាស់ប្ដូរទស្សនៈលើការអភិវឌ្ឍស្ថានភាពតំបន់ និងសកលដើម្បីចូលរួមចំណែករកវិធីដោះស្រាយបញ្ហាប្រឈមរួមរបស់យើង សំដៅរក្សាសន្តិភាព សន្តិសុខ និងចីរភាពនៃការអភិវឌ្ឍន៍មនុស្សជាតិសម្រាប់ពិភពលោក។ សម្តេចតេជោបន្តទៀតថា តាមរយៈប្រធានបទនៃវេទិកានេះ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលកំពុងបង្កផលប៉ះពាល់ និងគំរាមដល់សន្តិភាព កំណើនសេដ្ឋកិច្ច វិបុលភាព និងភាពសុខដុមរមនារបស់ប្រជាជនក្នុងសកលលោក។ សន្តិភាពគឺជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍន៍។ ប៉ុន្តែសន្តិភាពសាកលនាពេលបច្ចុប្បន្ននៅមានភាពផុយស្រួយដោយសារការវិវឌ្ឍទៅរកក្របខណ្ឌពហុប៉ូល ការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាពនៃអំណាចសកល។ សម្ដេចតេជោបានថ្លែងបន្តទៀតថា សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិវិនាសកម្មជាច្រើន កម្ពុជាយល់ឃើញថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានយល់ច្បាស់ថា ការបន្តរក្សាបាននូវសន្តិភាព គឺមិនអាចកាត់ផ្ដាច់បានពីការផ្ដល់ឱកាសស្មើគ្នាជូនប្រជាជនគ្រប់រូបនូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាអភិវឌ្ឍធនធានមនុស្សឲ្យក្លាយទៅជាធនធានដែលមានសក្តានុពលមិនចេះរីងស្ងួត។ ក្នុងន័យនេះសម្ដេចតេជោ បន្តថាចាប់តាំងពីកម្ពុជាទទួលបាននូវសន្តិភាពពេញលេញទូទាំងប្រទេសក្នុងឆ្នាំ១៩៩៨មក រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដោតយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្សដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗទាំងបួន។ ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងគុណភាព និងពង្រីកសេវាអប់រំដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាពសម្រាប់គាំទ្រការសម្រេចចិត្តនៅចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យអប់រំជាវិស័យដែលមានអាទិភាពខ្ពស់ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិស័យនេះបន្ថែមទៀតជាបន្តបន្ទាប់។ ថវិការចំណាយនេះ គឺផ្ដោតទៅលើការសាងសង់សាលារៀន ដំណើរការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិក្សាជំនាញបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រគ្រប់កម្រិត។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថារាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងអភិវឌ្ឍកម្រិតឧត្ដមសិក្សាឲ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនាវានុវត្តដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជាឲ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ និង ដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងផុសផុលឡើង។ ផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងនេះ និងក្នុងនាមថ្នាក់ដឹកនាំកម្ពុជាដែលបានឆ្លងកាត់សង្រ្គាមផ្ទាល់ និងបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសតូចមួយនេះ ការកសាង និងថែរក្សាសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពង្រឹងសន្តិសុខ និង អភិវឌ្ឍន៍មនុស្សជាតិ។ នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈមួយចំនួនដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្សដូចខាងក្រោម៖ ១)បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើបទបញ្ញត្តិសំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និង ស្ថេរភាពយ៉ាងពេញលេញតាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ ការកសាងទំនុកចិត្តព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធីនិងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។ ២)ជំរុញវប្បធម៌សន្ទនាអន្តរជំនឿ ដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក ការគោរពគ្នា ការជឿទុកចិត្តគ្នា ការអធ្យាស្រ័យគ្នាទៅវិញទៅមក និងការគោរពអោយបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវវិនាសនិងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។ ៣)ពង្រឹងកិច្ចសហប្រតិបត្តិការបន្តជំរុញសកលភាវូបនីយកម្ម ត្រូវធានាថាយន្តការកិច្ចសហប្រតិបត្តិការរក្សាបាននូវស្មារតីបើកចំហរ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។ ៤)ជំរុញការអភិវឌ្ឍ តាមរយៈអភិក្រមក្នុងការកំណត់កត្តាមនុស្សជាស្នូល ជាពិសេសចំពោះកិច្ចការអភិវឌ្ឍនិងពង្រឹងប្រព័ន្ធសុខមាលភាពសង្គមដូចជាការពង្រឹងគុណភាពអប់រំការកែលម្អសុខមាលភាពការរស់នៅការកាត់បន្ថយភាពក្រីក្រ និងការបង្រួមគម្លាតនៃការអភិវឌ្ឍឲ្យស្របទៅនឹងកំណើនឲ្យស្របទៅនឹងការរីកចំរើនឆាប់រហ័ស និងឥតឈប់ឈរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។ សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នេះ នឹងជំរុញឲ្យមានការពិភាក្សាគ្នាយ៉ាងផុសផុលទៅលើស្ថានភាព និងបញ្ហាប្រឈមដែលពិភពលោកកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ន ជាពិសេសទាក់ទងទៅនឹងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរ ថាប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្រោមប្រធានបទ«ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលបំណងបង្កើតការមូលមតិគ្នាជាអន្តរជាតិប្រកបដោយថាមពលស្ដីអំពីសារៈសំខាន់នៃក្របខណ្ឌពហុភាគីក្នុងការដោះស្រាយបញ្ហា និងការប្រឈមរបស់ពិភពលោក៕ អរគុណសន្តិភាព