បន្ទាប់ពីទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជារួចហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបានអនុញ្ញាតឲ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមជាបន្តទៀត។

ក្នុងជំនួបនោះ ឯកឧត្តម Pablo Chiho Kang បានជម្រាបជួបសម្តេចតេជោ ហ៊ុន សែន ថាឯកឧត្តមពិតជាមានក្តីរីករាយដោយត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាពេលនេះ។ ឯកឧត្តម មានប្រសាសន៍ថា នេះគឺជាបេសកកម្មគួរជាទីរីករាយមួយជាពិសេសមកកាន់ប្រទេសដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយអូស្ត្រាលី។ ឯកឧត្តមបានជម្រាបជូនសម្ដេចថានៅពេលនេះអូស្ត្រាលីកំពុងបង្វែរកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជាទៅលើស្ថាប័នតែម្ដងនោះគឺកំពុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានានៅកម្ពុជាដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក៏ដូចជាក្រសួងការពារជាតិផងដែរ។ ក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ឯកឧត្តម នឹងងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងអស់ជាមួយកម្ពុជាហើយក៏ផ្ដោតកិច្ចសហប្រតិបត្តិការជាពិសេសទៅលើពាណិជ្ជកម្ម។ ឯកឧត្តមមានប្រសាសន៍ទៀតថា ប្រទេសអូស្ត្រាលីបើកចំហជូនប្រជាជនកម្ពុជាដើម្បីទៅធ្វើទស្សនកិច្ចដើម្បីទៅវិនិយោគក៏ដូចជាដើម្បីទៅបន្តការសិក្សានៅទីនោះផងដែរ។ ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ថាឯកឧត្តមនឹងយកចិត្តទុកដាក់ជាពិសេសលើបញ្ហាវិនិយោគនឹងបញ្ហាពាណិជ្ជកម្មតែម្ដងជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងសំដែងការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសអូស្ត្រាលីនៅកម្ពុជា។ សម្ដេចតេជោបានយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តម Pablo Chiho Kang ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោមានប្រសាសន៍ថា ជាការពិតកម្ពុជានិងអូស្ត្រាលីមានទំនាក់ទំនងយ៉ាងច្រើនវិស័យជាមួយនឹងស្ថាប័ន និងស្ថាប័នជាដើម ហើយក៏មានទំនាក់ទំនងជាពិសេសផងដែរក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្របខណ្ឌអាស៊ាន ក្របខណ្ឌអាស៊ីបូព៌ា ក៏ដូចជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។ លេីសពីនោះទៅទៀតអូស្ត្រាលីក៏មានកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេសបន្ថែមទៅលើអ្វីដែលឯកឧត្តមបានលើកឡើងគឺអូស្ត្រាលីបានជួយដល់កម្ពុជាក្នុងការស្វែងរកសុខសន្តិភាពកន្លងមក ហើយជាពិសេសទៅទៀតអូស្ត្រាលីកាលពីដើមឡើយបានដាក់អាទិភាពសំខាន់ជួយដល់កម្ពុជាលើវិស័យកសិកម្មហើយលើវិស័យកសិកម្មនេះ អូស្ត្រាលី បានបង្កើតនៅវិទ្យាស្ថានកាឌី(Cardi)មួយដែលវិទ្យាស្ថាននេះបានជួយជំរុញឲ្យស្រូវកម្ពុជាបង្កើនបានទិន្នផលខ្ពស់ពីនោះទៅទៀតបានជួយស្រូវកម្ពុជាឱ្យក្លាយទៅជាអង្ករលេខ ១ នៅក្នុងពិភពលោកផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានឯកភាព និងសំដែងនូវការរីករាយចំពោះអ្វីដែលឯកឧត្តមបានលើកឡើងជាពិសេសចំពោះការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ ក្នុងន័យនេះសម្ដេចតេជោ មានប្រសាសន៍ថាទំនាក់ទំនងនយោបាយរឹងមាំគឺចេញពីទំនាក់ទំនងពាណិជ្ជកម្មនេះឯង សម្ដេចតេជោសូមគាំទ្រនូវអ្វីដែលឯកឧត្តមបានលើកឡើងក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមមកកាន់កម្ពុជាពេលនេះ៕