នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានទទួលជួបជាមួយសមាជិកសភាមកពីប្រទេសជប៉ុនរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារបន្តជាមួយ លោកជំទាវ OBUCHI Chizuko ដែលភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ក្នុងជំនួបនោះ លោកជំទាវ OBUCHI Chizuko បានគោរពជម្រាបជូនសម្ដេចតេជោថាលោកជំទាវពិតជាមានសេចក្តីសោមនស្សរីករាយដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅក្នុងខួប២០ឆ្នាំបន្ទាប់ពីលោកជំទាវ និងស្វាមី មកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។ លោកជំទាវបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោកជំទាវ និងគណៈប្រតិភូបានចូលជួបសំដែងការគួរសមនាពេលនេះ និងក៏សូមថ្លែងអំណរគុណសម្ដេចតេជោផងដែរ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសជូនលោកជំទាវ។ លោកជំទាវ OBUCHI Chizuko បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំយ៉ាងរស់រវើកក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវទៅកាន់មជ្ឍមណ្ឌលស៊ីម៉ាក់កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមី ហើយក្នុងដំណើរទស្សនកិច្ចលើកនេះក៏បានទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ។ លោកជំទាវបានកត់សម្គាល់ឃើញថាក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ លោកជំទាវបានមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀតប្រជាពលរដ្ឋកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក។ ជាមួយគ្នានេះផងដែរ លោកជំទាវបានមានប្រសាសន៍បន្តថានេះជាជោគជ័យដ៏ពិតប្រាកដរបស់កម្ពុជា។ បន្ទាប់មក លោកជំទាវក៏បានជូនពរឲ្យចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនកាន់តែស្អិតរមួតរឹងមាំបន្ថែមទៀត ហើយលើសពីនេះទៅទៀតលោកជំទាវក៏បានគោរពជូនពរជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យមាតាក្មេករបស់សម្ដេចដែលត្រូវជាមាតាបង្កើតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ឱ្យជាសះស្បើយពីជម្ងឺនាពេលខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានជូនពរដល់ម្ដាយក្មេករបស់សម្ដេចឱ្យជាសះស្បើយពីជំងឺ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីអតីតកាល ដែលពេលនោះឯកឧត្តម Obuchi មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងទស្សនកិច្ចនោះផងដែរ មានតែឯកឧត្តម Obuchi និងលោកជំទាវទេ ដែលជាជនជាតិបរទេសធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីននៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមានតែឯកឧត្តម Obuchi ទេដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាដោះមីននៅកម្ពុជានេ។ លើសពីនេះទៅទៀតសម្ដេចតេជោ ក៏បានរំលឹកពីអតីតកាលផងដែរនោះគឺឯកឧត្តម Keizō Obuchi និងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុននៅក្នុងការជួយដល់ប្រទេសកម្ពុជាឲ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧ លើសពីនេះទៅទៀតសម្ដេចតេជោបានបញ្ជាក់ថាឯកឧត្តម Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមបានមកកាន់ប្រទេសកម្ពុជាកាលពី២០ឆ្នាំមុននោះគឺជាប្រវត្តិសាស្ត្រ ហើយឯកឧត្តមគឺជាមនុស្សទីពីរហើយនៅក្នុងដំណាក់កាលរបស់ឯកឧត្តមជានាយករដ្ឋមន្ត្រីជប៉ុនដែលបានចូលរួមក្នុងប្រទេសកម្ពុជាជាច្រើន ជាពិសេសក្នុងការជំរុញឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគាត់បានប្រកាសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនោះ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និង សូមជូនពរដល់លោកជំទាវ OBUCHI Chizuko ទទួលបាននូវភាពជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕