នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកម៉ិញថ្ងៃទី ២១ វិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រលើកទឹកចិត្ត និងជំរុញឲ្យរាជបណ្ឌិត្យសភាកម្ពុជារៀបចំបណ្ណាល័យឲ្យមានធនធានសៀវភៅសិក្សាស្រាវជ្រាវឲ្យបានគ្រប់គ្រាន់នៅទីតាំងអគារថ្មី “ខេមរវិទូ”

សម្រាប់ឲ្យក្មួយៗសិស្សនិស្សិត បញ្ញាវន្ត និងអ្នកចូលចិត្តសិក្សាស្រាវជ្រាវ អាចមកសិក្សាស្រាវជ្រាវនៅទីកន្លែងនេះបាន។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យ ឯ.ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ធ្វើការរៀបចំក្រុមការងារអ្នកបកប្រែឯកសារនានាពីបរទេសទៅជាខេមភាសា ដើម្បីបោះពុម្ភទុកសម្រាប់ដាក់នៅរាជបណ្ឌិត្យសភាកម្ពុជា និងនៅតាមបណ្ណាល័យនានាដើម្បីផ្តល់ជាទុនដល់ក្មួយៗក្នុងការសិក្សាស្រាវជ្រាវ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅពេលដែលយើងបានរៀបចំឯកសារបកប្រែរួចរាល់ហើយ គឺនឹងក្លាយទៅជាបណ្តុំនៃការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់ភាពងាយស្រួលជួយដល់ក្មួយៗ សិស្សានុសិស្ស បញ្ញាវន្ត និងអ្នកសិក្សាប្រើប្រាស់បានគ្រប់គ្រាន់៕