នៅថ្ងៃទី២០ វិច្ឆិកា ដដែលនេះ បន្ទាប់ពីទទួលជួបជាមួយអតីតប្រធានាធិបតីទីម័រខាងកើតរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តជាមួយ លោក ជំទាវ Shirin Sharmin Chaudhury ប្រធានសភាប្រទេសបង់ក្លាដែស។ ក្នុងជំនួបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណលោកជំទាវដែលបានដឹកនាំប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជា។

វត្តមានរបស់លោកជំទាវ គឺបានបង្ហាញពីមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសអាស៊ីប៉ាស៊ីហ្វិក និងផ្ដល់កិត្តិយសដល់ប្រទេសកម្ពុជា ព្រមទាំងបានចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ លោកជំទាវ បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោកជំទាវចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសមនាព្រឹកមិញនេះ។ លោកជំទាវបានមានប្រសាសន៍អំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសបង់ក្លាដេស និងកម្ពុជាដែលមានការវិវឌ្ឍទៅមុខយ៉ាងល្អ ហើយលោកជំទាវក៏បានអរគុណប្រទេសកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកកន្លងទៅនេះ ដែលទទួលបានជោគជ័យ ជាពិសេសជំរុញយន្តការនៃកិច្ចប្រជុំ និងធ្វើឲ្យកាន់តែមានសារៈសំខាន់ដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណដល់គណៈប្រតិភូរបស់ប្រទេសបង់ក្លាដេសដែលបានចូលរួមនាំមកនូវជោគជ័យដល់កិច្ចប្រជុំទាំងមូល។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា យើងត្រូវតែរកមធ្យោបាយធ្វើយ៉ាងណាជំរុញយន្តការកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ អោយកាន់តែស៊ីជម្រៅជាងមុន ហើយជាពិសេសទៀតប្រធានបទដែលបានលើកយកមកពិភាក្សានៅពេលនេះមានលក្ខណៈសំខាន់ ជាពិសេសការប្រមូលផ្តុំធ្វើយ៉ាងណាឱ្យគណបក្សយោបាយពីបណ្ដាប្រទេសក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះជាការប្រសើរដែលលោកជំទាវបានជួបសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងការពង្រឹងទំនាក់ទំនងរវាងសភា និងសភា ហើយសម្ដេចក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសទាំងពីរកន្លងមកបានចុះកិច្ចព្រមព្រៀងមួយចំនួនផងដែរ ដែលទី១គឺនៅពេលដែល សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសបង់ក្លាដេសកាលពីឆ្នាំ២០១៤ និងមួយទៀត នៅពេលដែល លោកជំទាវនាយករដ្ឋមន្ត្រី បង់ក្លាដែស មកបំពញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០១៧។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ប្រទេសទាំងពីរបានរួមចំណែកក្នុងការចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ហើយជាពិសេសទៀត សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកគួរតែធ្វើយ៉ាងណាសហការគ្នានៅក្នុងកិច្ចខិតខំធ្វើយ៉ាងណាចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពហុភាគីក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដែលបច្ចុប្បន្នមាននិន្នាការទៅរកឯកតោភាគី។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គគង្គារ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យលោកជំទាវជម្រាបជូនលោកជំទាវនាយករដ្ឋមន្ត្រីបង់ក្លាដេស ពីការស្នើសុំក្នុងក្របខណ្ធមេគង្គគង្គារ ហើយសម្ដេចតេជោកំពុងធ្វើការជាមួយបណ្តាប្រទេសដែលជាសមាជិកនៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គគង្គារនេះ ដើម្បីស្នើសុំបញ្ចូលប្រទេសបង់ក្លាដែស ដូច្នេះត្រូវរង់ចាំការឆ្លើយតបពីបណ្ដាប្រទេសដែលជាសមាជិកនៃគណកម្មការនេះសិន ប៉ុន្តែកម្ពុជានឹងបន្តខិតខំជួយក្នុងកិច្ចការដ៏សំខាន់នេះ៕