នៅព្រឹកថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Qasim Khan Suri អនុប្រធានសភាជាតិនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យភាគីទាំងពីរ បន្តពង្រឹងកិច្ចសប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំទូលាយ។ សម្តេចតេជោ បានចាត់ទុកវត្តមានរបស់ ឯកឧត្តម និងគណៈប្រតិភូប៉ាគីស្ថាននៅកម្ពុជា គឺឆ្លុះបញ្ចាំងនូវសាមគ្គីភាពក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក និងជាផ្តល់នូវកិត្តិយស និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា និងប៉ាគីស្ថាន។ ឯកឧត្តម Qasim Khan Suri អនុប្រធាន ប៉ាគីស្ថានបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ គឺមានកិច្ចសហប្រតិបត្តិការយូរលង់មកហើយ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាបន្ថែមទៀត។ ក្រៅពីនេះក៏ចង់ឲ្យមានកិច្ចសហប្រតិបត្តិការក្របខណ្ឌតំបន់ ពិសេសក្នុងក្របខណ្ឌអាស៊ាន។ ឯកឧត្តម បានអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោត ២០១៨ កន្លងទៅនេះ និងរីករាយដែលបានឃើញសមទិ្ធផលអភិវឌ្ឍជាច្រើនរបស់កម្ពុជា។ ឯកឧត្តមអនុប្រធានសភាប៉ាគីស្ថានក៏បានកោតសរសើរពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចំរើនដ៏ធំធេងនៅកម្ពុជា ជាមួយការអភិវឌ្ឍគ្រប់វិស័យ។ អ្វីដែល ឯកឧត្តម ចង់បានគឺបង្កើនការផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌសភា និងសភា និងទស្សនកិច្ចថ្នាក់ដឹកនាំទៅវិញទៅមកផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានិងប៉ាគីស្ថាន មានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ ពិសេសប៉ាគីស្ថានគឺបានទទួលឯករាជ្យតាំងពីឆ្នាំ១៩៥២ ពោលគឺមុនប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ សម្តេចតេជោ ចង់ឲ្យភាគីទាំងពីរស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិនិយោគជាដើម។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានចំនួនតិចតួចនៅឡើយ ដូច្នេះសម្តេចតេជោ ចង់ភាគីទាំងពីរជំរុញឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរអោយមានការកើនឡើងថែមទៀត។ ពាក់ព័ន្ធទៅនឹងវិស័យវប្បធម៌ និងវិស័យអប់រំវិញ សម្តេចតេជោ អរគុណចំពោះប៉ាគីស្ថាន ដែលបានផ្តល់អាហារូបករណ៏ដល់និស្សិតកម្ពុជា និងមន្ត្រីកម្ពុជាកន្លងមក អោយទទួលបានការបណ្តុះបណ្តាលនៅប៉ាគីស្ថាន។ ពាក់ព័ន្ធទៅនឹងវិស័យនយោបាយ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅនេះកម្ពុជា បានគាំទ្រប៉ាគីស្ថានក្នុងការក្លាយជាប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងចង់ក្លាយជាដៃគូពេញលេញរបស់អាស៊ាននៅពេលខាងមុខនេះ។ នៅក្នុងកិច្ចពិភាក្សាកាលពីព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញថ្នាក់ដឹកនាំកំពូលប៉ាគីស្ថានមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយ សម្តេចតេជោ ហ៊ុន សែន នឹងរកពេលវេលាសមស្របណាមួយដើម្បីអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន៕