នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯ.ឧ DU Jiahao សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន

ខេត្តហ៊ូណាន នៅវិមានសន្តិភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកកម្ពុជាតាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៩ វិច្ឆិកា នេះ ។ ឯ.ឧ DU Jiahao បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្ដល់ឱកាសឲ្យរូបលោកបានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ឯ.ឧ DU Jiahao បានជម្រាបជូន សម្តេចតេជោ ថា ឯ.ឧ បានធ្វើការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីនៅថ្នាក់មូលដ្ឋានក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប រួចមកហើយដែរ។ តាមរយៈការសំណេះសំណាលនេះ ឯ.ឧ បានយល់អំពីការដឹកនាំគ្រប់គ្រង និងជំនឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើរលើមាគ៌ាដ៏ត្រឹមត្រូវមួយ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិកាន់តែរីកចម្រើន។ ជាមួយគ្នានោះផងដែរ ឯ.ឧ DU Jiahao ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី លោកប្រធានាធិបតី Xi Jinping និង លោកនាយករដ្ឋមន្ត្រី Li Keqiang ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ ឯ.ឧ DU Jiahao សូមថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញទៅប្រទេសចិនចំនួន២ ដងនៅក្នុងឆ្នាំ ២០១៩ កន្លងមកនេះ ហើយថ្មីៗនេះ សម្ដេចតេជោ ក៏បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី Li Keqiang នៅទីក្រុងបាងកកប្រទេសថៃផងដែរ។ ឯ.ឧ DU Jiahao បានបញ្ជាក់ថាប្រទេសចិន និងប្រជាជនចិនបានចាត់ទុក សម្ដេចតេជោនាយករដ្ឋមន្ត្រី និងប្រទេសកម្ពុជាជាមិត្តល្អ មិត្តចាស់ មិត្តដែកថែប មានទំនាក់ទំនងល្អណាស់ និងមានកិច្ចសហប្រតិបត្តិការគ្នាល្អ។ នៅក្នុងទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃនេះ ឯ.ឧ DU Jiahao មានចិត្តសប្បាយរីករាយដោយឃើញកម្ពុជាទើបនឹងបានប្រារព្ធខួបលើកទី៦៦ ឆ្នាំនៃឯករាជ្យជាតិ ប្រកបដោយជោគជ័យសប្បាយរីករាយ ហើយទឹកមុខប្រជាពលរដ្ឋសប្បាយរីករាយ មានជីវភាពធូធារ រស់នៅក្នុងសន្តិភាព ដែលបង្ហាញពីជំនឿនិងទំនុចិត្តលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោក DU Jiahao បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីអំពីខេត្តហ៊ូណាន ដែលមានប្រជាជនដល់ ៧០លាននាក់។ ខេត្តនេះ គឺមានផលិតនូវគ្រឿងចក្រ និងឧបករណ៍ល្បីៗ ដូចជារថភ្លើងក្រោមដី រថភ្លើងល្បឿនលឿន សម្ភារៈសម្រាប់បម្រើក្នុងការកសាងរចនាសម្ព័ន្ធក៏ដូចជាក្នុងវិស័យកសិកម្មដែលអាចសហការល្អជាមួយនឹងប្រទេសកម្ពុជា ហើយនឹងជួយហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិស័យកសិកម្មនៅកម្ពុជាទៀតផង។ ឯកឧត្តម DU Jiahao បានស្វាគមន៍ចំពោះទំនិញកម្ពុជានាំទៅកាន់ប្រទេសចិន រួមទាំងទៅខេត្តហ៊ូណាន ពិសេសជាទំនិញម្ហូបអាហារ និងផ្លែឈើជាដើម។ ឯ.ឧ DU Jiahao ក៏បានបញ្ជាក់ផងដែរថា លោកនឹងជួយផ្សព្វផ្សាយការរីកចំរើនរបស់ប្រទេសកម្ពុជាទៅដល់ប្រជាជនចិន និងខេត្តហ៊ូណាន ហើយនឹងបន្តជំរុញឲ្យខេត្តហ៊ូណានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកាន់តែល្អថែមទៀត ព្រមទាំងបន្តជួយគាំទ្រដល់ប្រទេសកម្ពុជាទៀតផង។ ជាមួយគ្នានោះដែរ ឯ.ឧ DU Jiahao បានគោរពសូមអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្រ្តីទៅបំពេញទស្សនកិច្ចនៅខេត្តហ៊ូណាន ប្រសិនបើជាសម្ដេចអញ្ជើញទៅទស្សនៈកិច្ចនៅប្រទេសចិនលើកក្រោយនេះ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះគណប្រតិភូចិនដែលបានពាំនាំការផ្តាំផ្ញើសុខទុក្ខពី លោកប្រធានាធិបតី Xi Jinping និង លោកនាយករដ្ឋមន្ត្រី Li Keqiang ហើយសម្ដេចតេជោ បានចាត់ទុកថាទស្សនកិច្ចកន្លងទៅរបស់លោក DU Jiahao ខេត្តបាត់ដំបង និងខេត្តសៀមរាបគឺបានធ្វើឲ្យ ឯកឧត្តម បានយល់ដឹងកាន់តែច្បាស់អំពីការដឹកនាំ និងការខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចតេជោមានប្រសាសន៍ថាជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា កន្លងមកនេះគឺជាការយកចិត្តទុកដាក់របស់សមាជិកបក្សធ្វើយ៉ាងណាឱ្យសមាជិកមានទំនុកចិត្ត មានអារម្មណ៍ល្អ សាមគ្គីភាពផ្ទៃក្នុង និស្មោះត្រង់ ដែលបានប្រែក្លាយសមាជិកបក្សម្នាក់ជាសន្លឹកឆ្នោតមួយដល់បក្សផងដែរ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណើ ឯ.ឧ DU Jiahao ទៅចូលរួមទស្សនកិច្ចនៅ ខេត្តហ៊ូណាន ប្រទេសចិនក្នុងពេលដ៏សមរម្យណាមួយនាពេលខាងមុខ។ ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសាទរសាជាថ្មីចំពោះខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំរបស់ គណបក្សកុម្មុយនីស្តចិន។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ក៏បានបញ្ជាក់ថានៅថ្ងៃទី៤ ធ្នូ ខាមុខនេះ កម្ពុជានឹងចាប់ផ្ដើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិនកម្ពុជា ដែលទាំងអស់នេះនឹងផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ ហើយក៏មិនគ្រាន់តែជាផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប្រយោជន៍សម្រាប់នយោបាយនៃប្រទេសទាំងពីរផងដែរ។ ឯ.ឧ DU Jiahao បានថ្លែងអំណគុណចំពោះប្រសាសន៍របស់ សម្ដេចតេជោ ហើយពេលនេះមានអារម្មណ៍កាន់តែយល់ច្បាស់អំពីអត្ថន័យ “ដែកថែប” ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរតែងតែលើកឡើងតំណាងអោយចំណងមេត្រីភាពកម្ពុជាចិន ដែលកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ ឯ.ឧ DU Jiahao បានកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ដែលមានយុទ្ធសាស្ត្រដឹកនាំឈ្លាសវៃខ្ពង់ខ្ពស់ ដែលបានប្រកាន់ភ្ជាប់នូវនយោបាយចិនមួយ។ ទន្ទឹមនឹងនោះដែរ ឯ.ឧ DU Jiahao បានរំលឹកថារូបឯកឧត្តមផ្ទាល់ធ្លាប់បានឮឈ្មោះរបស់សម្ដេចតេជោ និងព្រះបរមនាមរបស់អតីតព្រះមហាក្សត្រកម្ពុជា ដែលបានកសាងមិត្តភាពរវាងប្រទេសទាំងពីរមកទល់បច្ចុប្បន្ន ដែលពេលនេះ គឺឈ្មោះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានស្គាល់ទូទាំងប្រទេសចិន ហើយចាត់ទុកសម្ដេចតេជោ មិត្តដ៏ល្អរបស់ចិន ដែលបញ្ជាក់ច្បាស់ថាមិត្តភាពកម្ពុជា-ចិនឆ្លងកាត់ពេលវេលាយូរលង់ណាស់មកហើយ អស់ពេលជាច្រើនឆ្នាំមកហើយដែលបានធ្វើអោយមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែរីកចម្រើននិងរឹងមាំ។ ឯ.ឧ DU Jiahao បានជូនពរ សម្ដេចតេជោ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការដឹនាំប្រទេសបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអរគុណ និងបានជូនពរ ឯ.ឧ DU Jiahao និងគណៈប្រតិភូទាំងអស់ជួបតែសេចក្តីសុខចម្រើននឹងទទួលបានជោគជ័យគ្រប់ភារកិច្ច៕