នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ដដែលនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ រួចមក ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអញ្ជេីញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧ ជាមួយនឹង ឯកឧត្តម រ៉ូប៊ែរ អូប្រៀន បេសកជនពិសេស ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។

នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និង តំណាងឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារ:ដែលបានគ្រោងទុក ពិសេសបានធ្វើការពិនិត្យនិងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់នូវសារ:សំខាន់ នៃការជំរុញភាពជាដៃគូជាមួយដៃគូសន្ទនា ដៃគូសន្ទនាតាមវិស័យ ដៃគូអភិវឌ្ឍ និងភាគីខាងក្រៅដទៃទៀត តាមរយ:ក្របខណ្ឌនិមួយៗ និងការអនុវត្តផែនការសកម្មភាពទាំងឡាយ នៃកិច្ចសហប្រតិបត្តិការនានា។ មេដឹកនាំអាស៊ាន បានលើកទឹកចិត្តឲ្យសហរដ្ឋអាមេរិក ឲ្យបន្តគាំទ្រការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដំ ណាក់កាលទី៣ ដែលផ្តោតសំខាន់លើការតភ្ជាប់ ដើម្បីជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេស សមាជិកអាស៊ាន និងជំរុញការតភ្ជាប់តំបន់សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ មេដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់ ចំពោះកម្មវិធីជំនួយបច្ចេកទេសថ្មី រវាងអាស៊ាន និង ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក ស្តីពីកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ក្នុងតំបន់អាស៊ាន តាមរយ:នវានុវត្តន៍ពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឆ្នាំ២០១៩-២០២៣ ដែលនឹងបន្តជួយលើកកម្ពស់ការកសាងសហគមន៍អាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានឈានទៅចេញផ្សាយសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី៧ និងបានអនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ស្តីពីសន្តិសុខថាមពល។