នៅព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០១៩ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ ដែលបានប្រារព្វពិធីបើកជាផ្លូវការ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ នាពេលនេះ

គឺមានវត្តមាន នៃការយាង និងអញ្ជេីញចូលរួមពីប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និង ឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ខឺឈាង។ នៅក្នុងកិច្ច ប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅវឌ្ឍនភាព និងការរីកចម្រើននានា នៃទំនាក់ទំនងរវាងអាស៊ាន-ចិន ក្នុងរយ:ពេលជាង២០ឆ្នាំកន្លងមក។ ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ាន-ចិន បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដ៏សំខាន់រវាងអាស៊ាន និងចិន ឲ្យកាន់តែប្រសើរឡើង និងបានទទួលនូវការលើកទឹកចិត្តចំពោះវឌ្ឍនភាព នៃការចរចាដ៏មានសារ:សំខាន់ ឆ្ពោះទៅកាន់ការបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព និងមានសារ:សំខាន់ ស្របតាមពេលវេលាកំណត់ ដែលបានឯកភាពដោយបណ្តាភាគី។ កិច្ចប្រជុំនេះគឺបានផ្តល់សារ:សំខាន់លើភាពចាំបាច់ ដើម្បីរក្សាបរិយាកាស អំណោយផលសម្រាប់ការចរចា COC ហេតុដូច្នេះយើងបានស្វាគមន៍ចំពោះវិធានការ ជាក់ស្តែង ដែលអាចជួយកាត់បន្ថយភាពតានតឹង និងហានិភ័យដែលបង្កឲ្យមានគ្រោះថ្នាក់នានា ក៏ដូចជាការយល់ច្រឡំ និងការគិតខុស។ យើងបានបញ្ជាក់អំពីសារ:សំខាន់នៃការកសាងទំនុកចិត្ត និងវិធានការ ទប់ស្កាត់ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់រវាងបណ្តាភាគី។ យើងបានបញ្ជាក់សាជាថ្មី អំពីភាពចាំបាច់ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ការអត់ធ្មត់ និងការចៀសវាងសកម្មភាពដែលអាចធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រនៅឆ្នាំ១៩៨២។ មេដឹកនាំអាស៊ាន-ចិន បានសង្កត់ធ្ងន់អំពីសារ:សំខាន់ នៃការមិនធ្វើយោធូបនីយកម្ម និងការអត់ធ្មត់ក្នុងការធ្វើសកម្មភាពទាំងឡាយ ដោយរដ្ឋទាមទារអធិបតេយ្យ និងរដ្ឋផ្សេងទៀត រួមទាំងភាគីនៃសេចក្តីថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ដែលអាចបង្កភាពស្មុគស្មាញ និងបង្កើនភាពតានតឹង នៅសមុទ្រចិនខាងត្បូង។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន ចិន សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ទៅកាន់មេដឹកនាំអាស៊ាន ចិនថា កម្ពុជាផ្តល់សារៈសំខាន់ ចំពោះឯកសារចក្ខុវិស័យភាពជាដៃគូអាស៊ាន ចិន ឆ្នាំ២០៣០ ដែលថ្នាក់ដឹកនាំអាស៊ាន ចិន បានដាក់ចេញនូវការប្តេជ្ញាចិត្ត រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជំរុញភាពជាដៃគូ ឲ្យកាន់តែស៊ីជម្រៅលើវិស័យសសរស្តម្ភទាំងបី គឺនយោបាយនិងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសង្គម វប្បធម៌។ អាស៊ាន និងចិន គួររួមគ្នាខិតខំប្រែក្លាយចក្ខុវិស័យរួមឆ្នាំ២០៣០ ឲ្យទៅជាការអនុវត្តជាក់ស្តែង ដើម្បី ប្រសិទ្ធភាពនៃភាពជាដៃគូយុទ្ធសាស្រ្ត ដែលមានអនាគតរួមគ្នា។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន-ចិន បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ ការអនុម័តសេចក្តីប្រកាសរួម ស្តីពីការពង្រឹងការផ្លាស់ប្តូរបណ្តាញព័ត៌មាន និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-ចិន ស្តីពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការទីក្រុងឆ្លាត។ សេចក្តីប្រកាសអាស៊ាន-ចិន ស្តីពីការធ្វើសហកម្មផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន (BRI)។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន-ចិន ក៏បានកត់សំគាល់ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាព (២០១៦-២០២០)៕