នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមនៅក្នុងសន្និសីទ និងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥

និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ៗក្នុងពិធីនេះថា នេះជាឯកសារប្រវត្តិសាស្ត្រមួយទៀតនៃប្រទេសទាំងពីរ ក្នុងដំណោះស្រាយព្រំដែនរវាងប្រទេសយើងទាំងពីរ។ ការខិតខំរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេច រួមជាមួយនឹងគណៈកម្មការចម្រុះព្រំដែន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃប្រទេសយើងទាំងពីរក្នុងអំឡុងពេល ១៤ ឆ្នាំកន្លងមក បន្ទាប់ពីការចុះហត្ថលេខា លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រហូតមកដល់ពេលនេះ យើងបានសម្រេចលទ្ធផលប្រមាណជា ៨៤% នៅសល់តែ ១៦%ទៀត នឹងខិតខំបន្តដោះស្រាយបញ្ចប់នាពេលខាងមុខ។ សម្តេចតេជោ សូមកោតសរសើរចំពោះវីរភាព ការពុះពារ តស៊ូ និងលះបង់ខ្ពស់របស់ក្រុមបច្ចេកទេសចម្រុះព្រំដែន និងអាជ្ញាធរដែនដីដែលនៅជាប់ព្រំដែន កម្ពុជា-វៀតណាម បញ្ជាការដ្ឋានវិស្វកម្ម រួមជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មការចម្រុះព្រំដែននៃប្រទេសយើងទាំងពីរដែលខិតខំបំពេញបានការងារជាប្រវត្តិសាស្ត្រនេះ ដោយជោគជ័យ។ សមិទ្ធផលផ្លែផ្កាដ៏ធំធេងដែលប្រទេសយើងទាំងពីរសម្រេចបាននេះ កើតចេញមកដោយកសារស្វះស្វែងរកដំណោះស្រាយរួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ។ សម្តេចបន្តថា ប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំងពីរនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ។ ជាការចាំបាច់ ដែលប្រទេសយើងទាំងពីរត្រូវសហប្រតិបត្តិការស្អិតរមួត រវាងថ្នាក់ដឹកនាំកំពូលទាំងពីរ ដែលជាការរួមចំណែកដ៏ធំធេង មិនត្រឹមតែលើការងារព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែបានជួយបង្កើត និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាទីលានប្រយុទ្ធ ចំការមីនឲ្យទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានមោទនភាព ដោយយើងទម្លុះនូវការលំបាក និងស្ទើរតែបញ្ជប់ទាំងស្រុងព្រំដែនគោករវាងប្រទេសយើងទាំងពីរ ដែលសម្រេចបានលទ្ធផលគូរឲ្យមោទនភាព ទាំងការងារនៅលើដីជាក់ស្តែង និងការចងក្រងឯកសារច្បាប់ជាប្រវត្តសាស្ត្របានដោយហ្មត់ចត់ប្រកបដោយគុណតម្លៃខ្ពស់។ សម្តេចសូមប្រកាសជាឱឡារិកថា ដំណោះស្រាយបន្តនៅតំបន់ដែលមិនទាន់បានខណ្ឌសីមា និងបោះបង្គោលព្រំដែន និងតំបន់ដែលមិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាតក្នងការកសាងព្រំដែនកម្ពុជា-វៀតណាម ឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តជាអន្តរជាតិ ស្តីពីការទទួលស្គាល់គោលការណ៍មិនកែប្រែដែលអាណានិគមបានបន្សល់ទុកឲ្យ សម្រាប់ធ្វើជាមូលដ្ឋានរឹងមាំនាំមុខបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរបស់ប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជានឹងប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាព្រំដែនកម្ពុជាជាមួយឡាវ និងថៃ ឲ្យទៅជាព្រំដែនអន្តរជាតិពិតប្រាកដ ដើម្បីបញ្ចប់នូវបាតុភាពព្រំដែន រួមគ្នាប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់គ្មានការភ័យខ្លាច ទៅជាតំបន់ដែលមានជីវភាពធូរធារ និងជាតំបន់មានការអភិវឌ្ឍសុខដុមនីយកម្ម រុងរឿងតរៀងទៅ។ កិច្ចការនេះ យើងបាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ក្នងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ការបង្កើតទីផ្សារ និងតំបន់ផលិតកម្ម ដើម្បីឈានទៅដល់ការបន្តអភិវឌ្ឍរួមគ្នានៅតាមបណ្តោយព្រំដែន ដែលទីបំផុតប្រជាជនយើងទាំងពីរនឹងទទួលបាននូផលប្រយោជន៍ពីការអភិវឌ្ឍន៏ទាំងអស់នេះ។ សម្តេចតេជោ ក៏សូមអំពាវនាវដល់អាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសទាំងពីរ សូមចូលរួមជាមួយគ្នាថែករក្សាបង្គផលព្រំដែនឲ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជានិច្ចនិរន្តរ៍ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសទាំងពីរតរៀងទៅ៕