បន្ទាប់ពីបានអញ្ជើញពិភាក្សាការងារជាទ្វេភាគីរួចហើយ នៅព្រឹកថ្ងៃពុធទី១២ ខែកញ្ញាឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវ

បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៥ ដែលក្នុងនោះរួមមាន៖ ១)អនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ២)កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថាមពល រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ៣)កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនំាចូលអគ្គិសនីអនុភាព ៥០០ មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ។ ៤)កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មអនុភាព ៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ។ ៥)កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព១៨០០ មេហ្កាវ៉ាត់ នៅខេត្តសេកុង។ បន្ទាប់មក នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានអញ្ជើញថ្លែង និងធ្វើសេចក្តីប្រកាសព័ត៌មានរួម ទាក់ទងទៅនឹងដំណើរទស្សនកិច្ចនេះ ក្នុងន័យពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ៕