នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

វេជ្ជបណ្ឌិត Takeshi Kasai បានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា លោកបានមកកាន់កម្ពុជាកាលពីគ្រាមុនក្នុងទសវត្ស៍ឆ្នាំ 2000ជាង ហើយនៅពេលដែលលោកបានមកដល់កម្ពុជាពេលនេះ លោកបានក៏សង្កេតឃើញថាកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត។ ទន្ទឹមនឹងនេះ លោកបានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោចំពោះការរីកចម្រើន ការវិវឌ្ឍ និងវឌ្ឍនភាពរបស់កម្ពុជា។ វេជ្ជបណ្ឌិត Takeshi Kasai បានមានប្រសាសន៍ថារាល់ជោគជ័យដែលទទួលបាននេះ ជាពិសេសទទួលបានសម្រេចនូវគោលដៅ ការអភិវឌ្ឍដោយចីរភាព ហើយតាមរយៈនេះដែរប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។ ជាមួយនេះដែរ លោកវេជ្ជបណ្ឌិត Takeshi Kasa បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឥឡូវនេះយើងកំពុងតែ ស្ថិតនៅដំណាក់កាលអន្តរកាលមួយឆ្លងកាត់ពីការដោះស្រាយបញ្ហាជំងឺរាតត្បាតបែបបុរាណមកជំងឺបែបសម័យ នោះសោតគឺប្រជាពលរដ្ឋយើងឈានដល់មានជំងឺដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជាដើម ហើយពីនោះទៀតជំងឺដែលមានចរិតពិបាកព្យាបាលជាងមុន ដូចជាជំងឺប៉េស្តជ្រូក និងជំងឺដទៃៗទៀត។ ក្នុងន័យនេះលោកវេជ្ជបណ្ឌិត ក៏បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរថា អង្គការ WHO គឺមានជំនឿជឿជាក់លើកម្ពុជា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ដែលជាមូលដ្ឋានដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា។ កម្ពុជានឹងអាចឆ្លងផុត និងទទួលបានជោគជ័យលើជំងឺ នាពេលអន្តរកាលនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះវេជ្ជបណ្ឌិត Takeshi Kasai ដែលត្រូវបានតែងតាំង និងទទួលតំណែងថ្មីជានាយកអង្គការ WHO នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ សម្ដេចតេជោបានសម្តែងនូវការសប្បាយរីករាយដែលបានធ្វើជាដៃគូដ៏ល្អជាមួយនឹងអង្គការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អទទួលបានពីប្រទេសជិតខាង។ តាមរយៈនេះហើយ ដែលកម្ពុជាបានទប់ស្កាត់ និងទទួលបានជោគជ័យ យ៉ាងច្រើន ពាក់ព័ន្ធនឹងបញ្ហាជំងឺដែលមានចរិតជាប្រពៃណី ដែលរួមមានជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស ជំងឺសារ ជំងឺគ្រុនផ្ដាសាយបក្សី ហើយពាក់ព័ន្ធនឹងជំងឺអេដស៍ កម្ពុជាក៏បានធ្វើការទប់ស្កាត់បានជោគជ័យ ពុំមានការរីករាលដាល ហើយក៏មានការថយចុះផងដែរ។ ពីនោះទៀតពាក់ព័ន្ធនឹងជំងឺសម័យថ្មីនេះ កម្ពុជាកំពុងតែសហការយ៉ាងល្អសកម្ម ជាមួយនឹងអង្គការ WHO ក៏ដូចជាមួយនឹងបណ្ដាប្រទេសដទៃទៀតដើម្បី ដាក់ចេញនូវវិធានការ ទប់ស្កាត់ ការពារកុំឱ្យជម្ងឺនេះ រីករាលដាលឬនាំមកដល់បញ្ហា ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារីករាលដាលដល់ប្រទេសដទៃទៀតផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាក៏មានទិសដៅផងដែរថា នៅក្នុងឆ្នាំ ២០២៥ នេះ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា ជាមួយនេះដែរ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាធ្វើយ៉ាងណាកែប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយដែលមិនមានផ្សែងបារី។ ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន វេជ្ជបណ្ឌិត Takeshi Kasai ជាមួយនឹងប្រតិភូផងដែរថា កម្ពុជាកំពុងតែអនុវត្តនូវកម្មវិធីរបបសន្តិសុខសង្គម ដែលបានជួយដល់ស្ត្រីដែលមានផ្ទៃពោះ ហើយដែលមានជីវភាពក្រីក្រ ក្នុងនោះកម្ពុជាគឺបានកំពុងតែផ្ដល់នូវប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលមានផ្ទៃពោះ តាំងពីពេលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ឆ្នាំ ។ ដោយឡែកចំពោះ កម្មករនៅតាមរោងចក្រវិញមានកម្មវិធីជួយឲ្យកម្មករ បានឈប់សម្រាករយៈពេល៣ខែ ដោយបានទទួលនូវប្រាក់ខែ ១២០% នៃប្រាក់ខែដែលត្រូវបាន ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលក៏បានឧបត្ថម្ភប្រាក់ចំនួន ១០០ដុល្លារ ដល់ស្ត្រីជាកម្មករ ដែលមានកូន១ និង ២០០ ដុល្លារ ដល់កម្មករដែលមានកូនភ្លោះ២។ នេះជាកម្មវិធីរបបសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ ហើយតាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងជួយកាត់បន្ថយមិនឱ្យមានជំងឺរាតត្បាតដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាបើប្រជាពលរដ្ឋមានអាហារូបត្ថម្ភល្អហើយ គឺជំងឺរាតត្បាតក៏វាត្រូវកាត់បន្ថយផងដែរ ៕