នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤

ដែលចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។ ជាលទ្ធផលនៃកិច្ចប្រជុំ គឺទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនភាព ដោយក្នុងនោះថ្នាក់ដឹកនាំអាស៊ានបានផ្តោតដោយយកចិត្តទុកដាក់ទៅលើបញ្ហាស្នូលរបស់អាស៊ាន ការពង្រឹងកសាងសមត្ថភាពរបស់អាស៊ាន ជាពិសេសការចូលរួមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍអាស៊ានក្នុងការពង្រឹងនៃការធ្វើពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន។លើសពីនេះទៀត តាមរយៈកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែង របស់អាស៊ានក្នុងការជំរុញ ដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូ របស់អាស៊ានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដើម្បីសម្រេចឲ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែង ក្នុងតំបន់ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន៕