កាលពីរសៀលថ្ងៃទី២២ និងបន្តដល់ព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន តំណាងអន្តរសភាអាស៊ាន

តំណាងយុវជនអាស៊ាន និងជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ដើម្បីធ្វើការពិនិត្យឡើងវិញពីវឌ្ឍនភាពនានា ដែលអាស៊ានសម្រេចបានក្នុងចន្លោះពេលពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះដែរ មេដឹកនាំអាស៊ានបានអនុម័ត នូវសេចក្តីប្រកាសទស្សនវិស័យ របស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ភាពជាដៃគូសម្រាប់ចីរភាព ដែលមានគោលបំណងបង្កើតចីរភាព គ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងចីរភាពសន្តិសុខ តាមរយៈការធ្វើឲ្យស៊ីជម្រៅ នូវទំនុកចិត្តជាយុទ្ធសាស្រ្ត កំណើនសេដ្ឋកិច្ចចីរភាព និងការអភិវឌ្ឍចីរភាព ក៏ដូចជាសន្តិសុខមនុស្សជាតិដោយចីរភាព។ សេចក្តីប្រកាសនោះ ក៏បានសង្កត់ធ្ងន់លើការបន្ត និងចីរភាព ក្នុងគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការកសាងសហគមន៍របស់អាស៊ាន ការបន្តចីរភាពក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធក្នុងអាស៊ាន និងជាមួយសហគមន៍អន្តរជាតិ ដើម្បីទទួលបានសន្តិភាពដ៏រឹងមាំ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដើម្បីផលប្រយោជន៍នៃប្រជាជនអាស៊ាន។ លើសហគមន៍នយោបាយ សន្តិសុខអាស៊ាន មេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះការដាក់បញ្ចូលមជ្ឈមណ្ឌលវេជ្ជសាស្រ្តយោធាអាស៊ាន ជាអង្គភាពឧបសម្ព័ន្ធ ស្ថិតនៅក្រោមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅក្នុងឧបសម្ព័ន្ធទី១ នៃធម្មនុញ្ញអាស៊ាន។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ តាមប្រព័ន្ធអ៊ីនធើរណែត ដើម្បីធានានិងការកសាងប្រព័ន្ធអ៊ីនធើរណែតមួយប្រកបដោយសុវត្តិភាព សន្តិសុខ និងរឹងមាំ ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថល ក្នុងតំបន់អាស៊ានតាមរយៈយន្តការសម្របសម្រួលមួយដែលអាចធ្វើទៅបាន ដើម្បីការពិភាក្សាពាក់ព័ន្ធនឹងប្រព័ន្ធអ៊ីនធើរណែតអាស៊ាន។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានមានសេចក្តីរីករាយ ដោយកត់សំគាល់ឃើញថា ការពិនិត្យពិចារណាអំពីការស្នើសុំរបស់ទីម័រឡេស្តេចូលជាសមាជិកអាស៊ានកំពុងមានការរីកចម្រើន។ ជាមួយនឹងការត្រៀមនៃសសរស្តម្ភសហគមន៍ទាំងបី សម្រាប់បំពេញបេសកកម្ម ស្វែងរកការពិតរបស់ខ្លួន នៅប្រទេសទីម័រឡេស្តេ ហើយទន្ទឹងរងចាំមើលលទ្ធផលនៃដំណើរការបេសកកម្មនោះ។ មេដឹកនាំអាស៊ានបានបញ្ជាក់សារជាថ្មី នូវការត្រៀមខ្លួនដើម្បីផ្តល់ជំនួយក្នុងការកសាងសមត្ថភាពដល់ប្រទេសទីម័រឡេស្តេ។ លើសហគមន៍សេដ្ឋកិច្ចអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងឆ្នាំ២០១៩នេះ និងជំរុញឲ្យរដ្ឋមន្រ្តី និងមន្រ្តីបង្កើនកិច្ចខិតខំប្រឹងប្រែងឲ្យខ្លាំង ដើម្បីសម្រេចបាននូវគោលដៅនេះ ដែលអនុលោមទៅតាមផែនការការងារឆ្នាំ២០១៩ ដែលត្រូវបានអនុម័តដោយរដ្ឋមន្រ្តី ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP ក្នុងអំឡុងពេល នៃកិច្ចប្រជុំនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។ លើទំនាក់ទំនងដៃគូខាងក្រៅអាស៊ាន មេដឹកនាំអាស៊ាន បានកត់សំគាល់ដោយពេញចិត្ត នូវការពង្រឹងទំនាក់ទំនងជាមួយដៃគូសន្ទនា ដៃគូសន្ទនាតាមផ្នែក និងដៃគូអភិវឌ្ឍ តាមរយៈយន្តការដែលមានស្រាប់ ផែនការសកម្មភាព និងកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍនានា។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានទទួលស្គាល់ដោយការពេញចិត្ត ចំពោះការរួមចំណែករបស់ដៃគូអាស៊ានទាំងអស់ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន។ មេដឹកនាំអាស៊ានក៏បានរំពឹងទុកថា ការប្រារព្វខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងជាដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺ ដើម្បីពង្រឹងនូវភាពជាដៃគូថែមទៀត។ ទន្ទឹមនឹងនេះ មេដឹកនាំអាស៊ានក៏បានធ្វើការកត់សំគាល់ នូវកំណើននៃការចាប់អារម្មណ៍ពីបណ្តាប្រទេស និងអង្គការតំបន់នានា ដែលស្ថិតនៅក្រៅតំបន់ ដើម្បីភ្ជាប់និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំថែមទៀត ជាមួយអាស៊ាន រួមទាំងតាមរយៈការចាត់តាំងឯកអគ្គរដ្ឋទូត រាជទូត ចំនួន៩១ នៃបណ្តាប្រទេសដែលមិនមែនជាសមាជិកអាស៊ាន ប្រចាំអាស៊ាន។ លើបញ្ហានិងការអភិវឌ្ឍតំបន់និងអន្តរជាតិ មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី នូវសារសំខាន់នៃការរក្សា និងលើកស្ទួយសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្តិភាព និងសេរីភាពនៃការធ្វើនាវាចរ និងហោះហើរលើសមុទ្រចិនខាងត្បូង និងបានទទួលស្គាល់ផល ប្រយោជន៍ជាច្រើន នៃសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថេរភាព និងវិបុលភាព។ មេដឹកនាំទាំងអស់ ក៏បានគូសបញ្ជាក់នូវសារសំខាន់ នៃការអនុវត្តពេញលេញ និងប្រសិទ្ធភាពនៃសេចក្តី ថ្លែងការណ៍ឆ្នាំ២០០២ ស្តីពីការប្រតិបត្តិនៃភាកីនៅសមុទ្រចិនខាងត្បូង (DOC)។ មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការបន្តធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងចិន ដែលត្រូវបានលើកទឹកចិត្តដោយវឌ្ឍនភាពនៃការចរចាសំខាន់ៗ ឆ្ពោះទៅបញ្ចប់កិច្ចចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដោយប្រសិទ្ធភាព និងលម្អិត ក្នុងពេលវេលាជាក់លាក់ដែលបានឯកភាពគ្នា។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ បានសង្កត់ធ្ងន់នូវសារសំខាន់ នៃកិច្ចសន្ទនាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង ក្នុងឧបទ្វីបកូរ៉េ ដោយគ្មានអាវុធនុយក្លេអ៊ែរ និងបានស្វាគមន៍គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងចិន ដើម្បីជំរុញឲ្យមានការសន្ទនាជាមួយសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន ក៏បានជំរុញឲ្យភាគីពាក់ព័ន្ធបន្តធ្វើការងារ ឆ្ពោះទៅកាន់ការទទួលបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ ដែលគ្មានអាវុធនុយក្លេអ៊ែរ រួមទាំងតាមរយៈការអនុវត្តពេញលេញ និងឆាប់រហ័សនៃសេចក្តីថ្លែងការណ៍ផានមុន ជុម (Panmunjom Declaration) សេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាង (Pyongyang Joint Declaration) និងតាមរយៈសេចក្តីប្រកាសរួម ដោយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តដើម្បីការអនុវត្តពេញលេញ នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិពាក់ព័ន្ធនានាទាំងអស់ និងកត់សំគាល់អំពីកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីនាំមកនូវការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ដោយមានការពិនិត្យផ្ទៀងផ្ទាត់។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ក៏បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៤ ហើយមេដឹកនាំអាស៊ានក៏បាន អនុម័តសេចក្តីថ្លែងការណ៍ទីក្រុងបាងកក ស្តីពីការប្រយុទ្ធប្រឆាំងនឹងកាកសំណលនៅក្នុងទឹក ក្នុង តំបន់អាស៊ាន។ អនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីឆ្នាំវប្បធម៌អាស៊ាន២០១៩ ។ អនុម័តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ ប៉ាស៊ីហ្វីក រួមទាំងបានធ្វើការកត់សំគាល់លើឯកសារ ជាច្រើនទៀត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះផងដែរ។ កិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៤ បានបិទបញ្ជាប់ក្នុងបរិយាកាសរីករាយ និងសន្យាជួបពិភាក្សាគ្នាជាថ្មី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅរាជធានីបាងកក នាខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពេលដ៏ខ្លី ឆាប់ៗខាងមុខ៕