នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប លោក Ingo Karsten អគ្គរដ្ឋទូតអាល្លឺម៉ង់ ដើម្បីជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានចប់អណត្តិបេសកកម្មការងារនៅកម្ពុជា។

នៅក្នុងជំនួបព្រឹកមិញនេះ លោក Ingo Karsten បានគោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកពេញចិត្តខ្លាំងបំផុតចំពោះបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ លោកមានការនឹករឭកប្រទេសកម្ពុជាយ៉ាងខ្លាំង ហើយសង្ឃឹមថា ថ្ងៃណាមួយលោកនឹងមកលេងប្រទេសកម្ពុជាសារជាថ្មីមិនខាន។ លោក Ingo Karsten បានសង្កេតឃើញកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និង នយោបាយ។ លោកបានសំដែងនូវការរីករាយដែលបានឃើញ ការអភិវឌ្ឍនេះកាន់តែរឹងមាំ ហើយ លោកក៏មានមោទនភាពក្នុងនាមជាអគ្គរដ្ឋទូតដែលបានចូលរួមចំណែកធ្វើការជាមួយកម្ពុជាជាដៃគូដ៏ល្អក្នុងដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍរបស់កម្ពុជា។ ជាមួយគ្នានោះដែរលោក Ingo Karsten បានបញ្ជាក់ជូនសម្តេចតេជោថា កំណែទម្រង់វិនិយោគនិងពាណិជ្ជកម្មកន្លងទៅថ្មីៗដែលបានកាត់ចេញនូវការបង់ថ្លៃមួយចំនួន គឺបានទាក់ទាញ និងធ្វើអោយអ្នកវិនិយោគអាល្លឺម៉ងជាច្រើនមានការពេញចិត្តក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនដល់ លោក Ingo Karsten ដែលបានបំពេញបេសកកម្មការទូតដ៏មានសារៈសំខាន់នៅកម្ពុជា។ សម្ដេចតេជោក៏បានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមិនជ្រៀតចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសនីមួយៗ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា កត្តាសំខាន់បំផុតដែលបានជំរុញដល់ល្បឿននៃការអភិវឌ្ឍប្រទេសជាតិគឺដោយសារសន្តិភាព និងស្ថិរភាពនយោបាយ។ ទន្ទឹមនឹងនោះគឺសម្តេចតេជោ បានកំណត់យុទ្ធសាស្ត្រ២សំខាន់បន្ថែមគឺ ទី១ កែប្រែតំបន់សង្គ្រាមឲ្យទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ និងទី២ កែប្រែតំបន់ព្រំដែនឲ្យទៅជាព្រំដែនមានសុខសន្តិភាព មិត្តភាពអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងទាំងអស់។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវអំណរគុណដល់រដ្ឋាភិបាល និង ប្រជាជនអាល្លឺម៉ង់ដែលតែងតែ ជួយដល់កម្ពុជាកន្លងមក ដូចជាការជួយលើវិស័យដោះមីនតាមរយៈអង្គា Halo Trust ដែលជួយកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតរបស់ប្រជាពលរដ្ឋ និងបានជួយស្តារនូវដីធ្លីជាច្រើនដើម្បីពលរដ្ឋមានឱកាសបានបង្កបង្កើនផលដំណាំកសិកម្មគ្រប់ប្រភេទ និងអភិវឌ្ឍនលំនៅដ្ឋានបានរីកចម្រើននៅតាមបណ្តាខេត្តនានា។ ទន្ទឹមនឹងនោះដែរ គឺរដ្ឋាភិបាលអាល្លឺម៉ង់បានចូលរួមជួយពង្រឹងដល់លទ្ឋិប្រជាធិបតេយ្យ ជំរុញដល់ការអភិវឌ្ឍន៍ជនបទ រួមទាំងវិស័អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀតជាច្រើន ដែលនេះបានបង្ហាញអោយឃើញពីសណ្តានចិត្ត និងជាមិត្តល្អ និងជាដៃគូដ៏ល្អរបស់របស់កម្ពុជា។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ លោក Ingo Karsten និងផ្ញើសេចក្តីនឹករឮកនិងសួរសុខទុក្ខដល់ លោកស្រីអធិការបតីអាល្លឺម៉ង់ (Angela Merkel, Chancellor of Germany) ហើយក៏បានស្នើសុំឲ្យភាគីអាល្លឺម៉ង់បន្តជួយដល់កម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន ដូចជាតាមរយៈមជ្ឈមណ្ឌលដោះមីនអាស៊ានដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា៕