បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចមក នៅល្ងាចថ្ងៃទី១៣ មិថុនា ដដែលនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីហុងគ្រី ក៏បានអញ្ជើញធ្វើជំនួបពិភាក្សាចង្អៀត និងបើកកិច្ចប្រជុំកំពូលពេញអង្គទ្វេភាគី ដើម្បីបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរកម្ពុជា ហុងគ្រី

ឲ្យកាន់តែរឹងមាំស្អិតរមួតនិងទ្វេឡើងថែមទៀត។ ក្នុងជំនួបដែលបានចំណាយ ពេលប្រមាណជិត២ម៉ោង ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែម ពិសេសការជួយគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបដាច់ដោយឡែកពីគ្នានោះ ឯកឧត្តមនាយករដ្ឋ មន្រ្តីមានប្រសាសន៍ថា ឯកឧត្តមសូមគោរពទ្វេដងចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី ក្នុងឋានៈជានាយករដ្ឋមន្រ្តី បើទោះបីជាពេលមុនៗ សម្តេចធ្លាប់អញ្ជើញមកកាន់ហុងគ្រីជាច្រើនលើកក្តី។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ច លើកដំបូងមកកាន់ប្រទេសហុងគ្រី ក្នុងឋានៈជានាយករដ្ឋមន្រ្តី បើទោះបីជាពេលកន្លងមកសម្តេចធ្លាប់ទៅបំពេញទស្សនកិច្ចផ្លូវការ និងបំពេញការងារចំនួន៨លើករួចមក នៅប្រទេសហុងគ្រីកាលពីអតីតកាលក៏ពិតមែន។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទាក់ទិនទៅនិងសភាពការណ៍នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោតសភា កាលពីពេលថ្មីៗកន្លងទៅ ពិសេសទៅទៀតសម្តេចតេជោក៏បានលើកការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនឹងគោលជំហរនិងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធទៅនិងគោលនយោបាយរបស់ សហភាពអឺរ៉ុប ពិសេសពាកព័ន្ធទៅនិងបញ្ហាEBA។ ឯកឧត្តមនាយករដ្ឋមន្រ្តីហុងគ្រីមានប្រសាសន៍ថា អ្វីដែលឯកឧត្តមមានការចាប់អារម្មណ៍បំផុត គឺកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាស៊ាន ដែលផ្តល់សារសំខាន់សម្រាប់ប្រទេសហុងគ្រី។ ឯកឧត្តមមានប្រសាសន៍បន្តថា សម្តេចតេជោបានដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌអាស៊ាន និងសហភាពអឺរ៉ុប ពិសេសជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ បណ្តុះបណ្តាលធនធសានមនុស្ស។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅចំពោះមុខសម្តេចតេជោដែរថា អ្វីដែលឯកឧត្តមចង់ឃើញនោះ គឺការជួបប្រជុំនៃគណៈកម្មការចំរុះប្រទេសទាំងពីរ ពិសេសការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ដោយឈរលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងខ្លួន ពោលគឺការគោរពគ្នាទៅវិញទៅមក។ ពាក់ព័ន្ធទៅនឹងបញ្ហា EBA ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា បញ្ហាEBAវាគឺជារឿងខ្វែងគំនិតគ្នារវាងសហភាពអឺរ៉ុប និងកម្ពុជា ផ្ទុយទៅវិញហុងគ្រីតែងតែឈរនិងគាំទ្រកម្ពុជាជានិច្ច ពិសេសទៅទៀតនោះ ហុងគ្រីមិនគាំទ្របញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច មានភាពច្របូកច្របល់គ្នានោះទេ។ តាមរយៈនេះ ឯកឧត្តមមានប្រសាសន៍ថា សូមសម្តេចទុកចិត្តចំពោះហុងគ្រី ក្នុងការតស៊ូមតិជាមួយនិងសហភាពអឺរ៉ុប ទាក់ទិនទៅនឹងបញ្ហាEBA នេះ។ នៅចំពោះមុខសម្តេចតេជោ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា មានក្រុមហ៊ុនរបស់ប្រទេសហុងគ្រី កំពុងមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដែលក្នុងនោះធនាគារអាហរ័ណ នីហរ័ណហុងគ្រី និងផ្តល់ប្រាក់កម្ចីដល់បណ្តាក្រុមហ៊ុនទាំងនោះ ធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឯកឧត្តមពិតជាមានការរីករាយចំពោះការវិវឌ្ឍន៍រីកចម្រើនខាងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ហើយតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនៅពេលនេះ គឺយើងពិតជារីករាយក្នុងការបើកបេះដូងដ៏ទូលំទូលាយ ក្នុងការជួយគ្នាទៅវិញទៅមក។ សម្តេចតេជោមានប្រសាសន៍ដែរថា បើទោះបីជាកន្លងមកប្រទេសទាំងពីរធ្លាប់បើកស្ថានទូត ក្នុងប្រទេសផងខ្លួនក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរបានបិទស្ថានទូតរៀងៗខ្លួន តាមរយៈដំណើរទស្សនកិច្ចផ្លូវការ ទៅកានប្រទេសហុងគ្រីនៅពេលនេះ សម្តេចចង់ឃើញប្រទេសទាំងពីរ ធ្វើការបើកស្ថានទូតជាថ្មីឡើងវិញ ដើម្បីជួយគ្នាទៅវិញទៅមក ពិសេសបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរបានឯកភាពគ្នាដែរថា នៅក្នុងខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ នៅឆ្នាំ២០២១ កម្ពុជានិងបើកស្ថានទូតទូតរបស់កម្ពុជានៅទីក្រុងប៊ុយដាប៉េស ក្នុងនោះហុងគ្រីក៏នឹងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញដូចគ្នានោះដែរ។ សម្តេចតេជោក៏បានស្នើឲ្យមាន ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍សម្រាប់ប្រទេសទាំងពីឲ្យកាន់តែមានទំហំធំឡលើងថែមទៀត។ ជាមួយគ្នានេះ សម្តេចបានគោរពអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ឹមនៅឆ្នាំ២០២០។ សម្តេចតេជោក៏បានស្នើឲ្យហុងគ្រី ជួយ ជួសជុលប្រសាទកោះកេរិ៍ ជាមួយនិងបទពិសោធន៍ដែលហុងគ្រីធ្លាប់អភិរក្សតំបន់ប្រវត្តិសាស្រ្តបុរាណរបស់ខ្លួន។ សម្តេចក៏បានសន្យាថា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីបញ្ហាទឹក ក្នុងប្រទេសហុងគ្រីនៅពេលខាងមុខផងដែរ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្រ្តីបានទទួលយក សំណើរ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ឹម នៅពេលខាងមុខ៕