នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Dionisio Babo Soares រដ្ឋមន្ត្រីការបរទេស នៃប្រទេសទីម័រលេស (Timor-Leste) នៅវិមានសន្តិភាព។

លោក Babo Soares បាននាំពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីលោក នាយករដ្ឋមន្ត្រី និង លោកប្រធានាធិបតីនៃប្រទេសទីម័រលេស គោរពជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក៏បានគោរពជម្រាបជូនសម្តេចតេជោថា រូបលោក មានការគោរពសម្ដេចតេជោនាយករដ្ឋមន្ត្រីជាខ្លាំងចំពោះវីរភាពដឹកនាំ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងប្រទេសកម្ពុជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ លោក Babo Soares បានមានប្រសាសន៍ថាគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសទីម័រលេសកាលពីឆ្នាំ ២០១៦ បានធ្វើឲ្យប្រទេសទីម័រលេសក៏ដូចជាប្រជាពលរដ្ឋមានអារម្មណ៍ហាក់បីដូចជាប្រទេសមួយមានសម្ព័ន្ធភាពជាមួយកម្ពុជា ដូចជាប្រទេសជាបងប្អូន ហើយជាងនេះទៅទៀតលោកបានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ ចំពោះរាល់ការគាំទ្រទាំងឡាយដែលសម្ដេចតេជោបានផ្ដល់ឱ្យប្រទេសទីម័រលេស ។ លោក Babo Soares បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់រូបលោកមកព្រះរាជាណាចក្រកម្ពុជានាពេលនេះគឺដើម្បីធ្វើនេះយ៉ាងណា រឹតចំណងមិត្តភាព និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងថែមទៀត។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខហើយក៏ថ្លែងអំណរគុណផងដែរចំពោះការទទួលយកចិត្តទុក្ខដាក់នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោដែលបានធ្វើដំណើរទៅប្រទេសទីម័រលេសកាលពីឆ្នាំ ២០១៦ កន្លងទៅ។ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនោះសម្ដេចតេជោបានកត់សម្គាល់ថា ប្រទេសទីម័រលេសបានត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការចូលខ្លួនជាសមាជិកអាស៊ានទាំងការរៀបចំឲ្យមានស្ថានទូតនៅគ្រប់ប្រទេសទាំងអស់នៅក្នុងបណ្តាលប្រទេសអាស៊ានក៏ដូចជាសមត្ថភាពរបស់មន្ត្រីរាជការ រួមទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសទីម័រលេសផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ថាយើងគប្បីប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណាជំរុញនៅលើរាល់អ្វីដែលយើងអាចធ្វើបានដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរួមទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវិនិយោគ ទេសចរណ៍ ក៏ដូចជាវិស័យវប្បធម៌ជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវក្តីរីករាយផងដែរចំពោះ និស្សិតទីម័រលេសដែលនឹងត្រូវមកកាន់ព្រះរាជាណាចក្រកម្បុជាដើម្បីទទួលអាហាររូបករណ៍សិក្សានៅប្រទេសកម្ពុជាចំនួន១០នាក់ដែល សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ឲ្យកាលពីឆ្នាំ២០១៦ កន្លងមកនេះ។