នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ដដែលនេះ បន្ទាប់ពីជំនួបជាមួយ លោក សេជី អ៊ីម៉ៃ Seiji Imai ប្រធានផ្នែកសាជីវកម្មទូទាំងសាកលលោករបស់មីហ្ស ហ្វាយនែន និងជាអនុប្រធានធនាគារមីហ៊្សូហូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កេន ម៉ាតស៊ុហ្សាវ៉ា

(Ken Matsuzawa) ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន (FEC) និងថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ជប៉ុន៦រូបផ្សេងទៀត ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាកិច្ចចាប់ផ្តើមនៃជំនួបសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ថា សម្តេចពិតជារីករាយដែលជាបានជួបជាថ្មីម្តងទៀតជាមួយលោក កេន ម៉ាតស៊ុហ្សាវ៉ា។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការសម្រេចក្នុងការលុបចោលពន្ធកាន់ទុក ១ភាគរយ ហើយឱ្យចាប់ផ្តើមអនុវត្តន៍ភ្លាមៗដោយមិនទុករហូតដល់ចុងឆ្នាំនោះឡើយ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានក៏បានមានប្រសាសន៍ទៅកាន់លោក កេន ម៉ាតស៊ុហ្សាវ៉ា ដែរថា កម្ពុជាមិនមែនត្រូវការត្រឹមតែហិរញ្ញប្បទាន ឬជំនួយនោះទេ ប៉ុន្តែកម្ពុជា ក៏ស្វាគមន៍នូវអនុសាសន៍ និងគំនិតផ្សេងៗទៀតពាក់ព័ន្ធលើការវិនិយោគផងដែរ។ លោក កេន ម៉ាតស៊ុហ្សាវ៉ា បានមានប្រសាសន៍ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងជួយជំរុញនូវលំហូរអ្នកវិនិយោគពីជប៉ុន ទៅកម្ពុជា ហើយក្រុមហ៊ុនរបស់លោកនេះ នឹងបន្តជួយដល់ប្រទេសកម្ពុជា និងជួយដល់សម្តេចតេជោផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ការបញ្ចេញនូវឆន្ទៈរបស់ប្រធាន FEC និងក្រុមហ៊ុនរបស់លោកចំពោះឆន្ទៈដ៏មុះមុតក្នុងការជួយដល់ប្រទេសកម្ពុជា។ ជាពិសេសការងារដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងទៅ។ សម្តេចតេជោ បានរំលឹកប្រាប់លោក កេន ម៉ាតស៊ុហ្សាវ៉ា ថា កម្ពុជាបានឆ្លងកាត់ដំណាក់កាលលំបាកជាច្រើន ជាពិសេសការអភិវឌ្ឍធនធានមនុស្ស។ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាខ្វះធនធានមនុស្ស ដោយសារក្នុងរបបខ្មែរក្រហមបានកាប់សម្លាប់ធ្វើឱ្យកម្ពុជាបាត់បង់ធនធានមនុស្សជាច្រើន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពដ៏លំបាកក្នុងការកសាងប្រទេសឡើងវិញ។ សម្តេចតេជោ បានបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា ដែលចាប់ផ្តើមជាថ្មីនៅក្នុងឆ្នាំ១៩៧៩ ជាមួយធនធានមនុស្សតិចតួចបំផុត ហើយមិនមែនតែក្រសួងការបរទេសនោះទេ ស្ថាប័នរដ្ឋមួយចំនួន ក៏ខ្វះធនធានមនុស្សផងដែរ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ស្នើដល់ក្រុមហ៊ុនរបស់លោក កេន ម៉ាតស៊ុហ្សាវ៉ា និងក្រុមហ៊ុនជប៉ុនដទៃទៀត ជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សម្តេចតេជោ បានថ្លែងកោតសរសើរក្រុមហ៊ុនជប៉ុន ពេលវិនិយោគនៅកម្ពុជា តែងតែបង្ហាញការបារម្ភពីធនធានមនុស្ស ហើយតែងតែជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាផងដែរ។ ដូចជាក្រុមហ៊ុនមីនីបៀ បានចូលមកវិនិយោគ និងបង្កើតរោងចក្រជាបន្តបន្ទាប់ ហើយក្រុមហ៊ុននេះ បានវិនិយោគក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការបម្រើក្នុងក្រុមហ៊ុនរបស់ខ្លួន។ កន្លងទៅក្រុមហ៊ុននេះ បានបញ្ជូនពលរដ្ឋកម្ពុជា ទៅបណ្តុះបណ្តាលនៅប្រទេសថៃ និងម៉ាឡេស៊ីជាដើម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនជប៉ុនតែងតែបង្កើតនូវកម្មវិធីបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុនខ្លួនផងដែរ។ លោក កេន ម៉ាតស៊ុហ្សាវ៉ា មានប្រសាសន៍តបថា ទាំងរូបលោក និងថ្នាក់ដឹកនាំក្រុមហ៊ុន ៦រូបផ្សេងទៀត គឺពិតជាយល់អំពីអ្វីដែលសម្តេចបានលើកឡើង ហើយនឹងប្រឹងជំរុញលើការងារបណ្តុះបណ្តាលធនធានមនុស្សនេះ។ ពាក់ព័ន្ធបញ្ហាធនធានមនុស្សនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា រដ្ឋមិនអាចដើរតួនាទីបណ្តុះបណ្តាលតែម្នាក់ឯងទេ គឺត្រូវការចូលរួមពីវិស័យឯកជន ហើយពេលកម្ពុជាមានធនធានគ្រប់គ្រាន់ ក្រុមហ៊ុនពីជប៉ុនទៅអាចប្រើធនធាននៅក្នុងស្រុក ដោយមិនបានចំណាយច្រើនក្នុងការនាំអ្នកជំនាញពីក្រៅប្រទេសទៅ៕