នៅព្រឹកថ្ងៃទី៣ ឧសភានេះ រដ្ឋ-រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការ សព ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម ដើម្បីឲ្យបណ្តាមេដឹកនាំពិភពលោក និងប្រជាជនវៀតណាម ចូលរួមគោរពវិញ្ញាណក្ខន្ធ និងការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់។

ពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនេះ និងរៀនចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣និងទី៤ឧសភា មុនពិធីហែរទៅបញ្ចុះសពនៅស្រុកកំណើតរបស់ឯកឧត្តមនៅភូមិភាគកណ្តាល របស់ប្រទេសវៀតណាម។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង នាមជាមេដឹកនាំពិភពលោកមួយរូប និងជាអ្នកដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង ឯកឧត្តម ឡេ ឌឹកអាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំកង យោធពលខេមរភូមិន្ទ សរុបចំនួន ២៥រូប អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម ដែលប្រារព្វធ្វើឡើងនៅវិមានតម្កល់សពអគារលេខ៥ ចិនថាញើតុង (Tran Thanh Tong) ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អុជធូបនិងធ្វើការលំអោនកាយវាចាចិត្តគោរពចំពោះសព ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម ដែលក្នុងមួយជីវិតរបស់ឯកឧត្តម ឯកឧត្តមបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី អាយុ សង្ខា ក្នុងបុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិរបស់វៀតណាម រហូតដល់ប្រទេសទទួលបាននូវសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។ សូមបញ្ជាក់ថា ឯកឧត្តម ឡេ ឌឹកអាញ់ បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលឯកឧត្តមបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងអាមេរិក។ ឯកឧត្តមបានកាន់មុខតំណែងជាប្រធានរដ្ឋវៀតណាម ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ និងនៅឆ្នាំ១៩៩៥ ឯកឧត្តមបានក្លាយជាប្រមុខរដ្ឋវៀតណាមដំបូងគេ ដែលបានឈានជើងជាន់លើទឹកដីអាមេរិក ក្រោយសម័យសង្រ្គាមវៀតណាម នៅពេលដែល ឯកឧត្តមធ្វើដំណើរទៅចូលរួមគម្រប់ខួប ៥០ឆ្នាំ របស់អង្គការសហប្រជាជាតិនៅញូយ៉ក។ ជាមួយនឹងប្រទេសកម្ពុជា ឯកឧត្តម ឡេ ដឹកអាញ់ អតីតប្រធានរដ្ឋ និងជាអតីតមេទ័ពវៀតណាម្នាក់ ដែលបានជួយកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ឯកឧត្តមបានទទួលមរណភាព ក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសាររោគាពាធ។ ឯកឧត្តមអតីតប្រធានរដ្ឋ ទទួលបានការអប់រំនៅក្នុងអតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) និងពិការភ្នែកមួយចំហៀង និងធ្លាប់បានកាន់តួនាទីយោធាខុសគ្នាៗ ក្នុងអំឡុងសង្រ្គាមវៀតណាម។ ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម ចាត់ទុកឯកឧត្តម ឡេ ឌឹកអាញ់ ជាបុគ្គលមួយរូប ដែលបានជួយរំដោះទីក្រុងសៃហ្គន (Saigon - ទីក្រុងហូជីមិញបច្ចុប្បន្ន) នៅក្នុងប្រតិបត្តិការវាយ និងផ្តួលរំលំរដ្ឋាភិបាលវៀតណាមខាងត្បូង ដែលគាំទ្រដោយអាមេរិក។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងជាការជូនដំណើរជាលើកចុងក្រោយ ឯកឧត្តម ឡេ ឌឹក អាញ់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញសរសេរលើសៀវភៅក្រាំងមាស នៃការចូលរួមមរណទុក្ខ ជូនចំពោះរដ្ឋ រដ្ឋាភិបាល គ្រួសារសព និងប្រជាជនវៀតណាម ដែលមានអត្ថន័យយ៉ាង ជ្រាលជ្រៅថា ៖ " អ៊ុំ ឡេ ឌឹកអាញ់ ជាទីគោរព ខ្ញុំ និងគណៈប្រតិភូបក្ស រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បានមកជូនដំណើរអ៊ុំជាលើកចុងក្រោយ ដែលគ្មានពេលនឹងបានជួបវិញ។ តាំងពីបានជួបគ្នាលើកដំបូងនាដើមឆ្នាំ១៩៧៨ នៅមន្ទីរពេទ្យ ថុងញិត ក្រុងហូជីមិញ រហូតមកដល់ពេលនេះ រូបអ៊ុំផ្ទាល់រួមជាមួយកងទ័ព និងប្រជាជនវៀតណាម បានជួយដល់ប្រជាជនកម្ពុជាច្រើនណាស់។ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកសាងឡើងក្រោមការជួយឧបត្ថម្ភផ្ទាល់ពីសំណាក់លោកអ៊ុំ ដែលពេលនោះ លោកអ៊ុំ ជាមេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។ ការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ការកសាងកម្ពុជាឡើងវិញ ពិសេសការរីកធំធាត់ នៃកងទ័ពកម្ពុជា ។ល។ សុទ្ធតែមានការរួមចំណែករបស់លោកអ៊ុំ។ ក្នុងពេលបំពេញភារកិច្ចនៅកម្ពុជា លោកអ៊ុំបានតំណាងឲ្យបក្ស រដ្ឋាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាម អនុវត្តបានយ៉ាងពេញលេញ នូវគោលការណ៍ គោរពឯករាជ្យ អធិបតេយ្យភាពកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ នូវការជ្រើសរើសរបស់ប្រជាជនកម្ពុជា នូវប្រព័ន្ធនយោបាយ សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ក្នុងពេលបំពេញមុខងារជាប្រធានរដ្ឋវៀតណាម លោកអ៊ុំជាមនុស្សម្នាក់ ដែលបានរួមជាមួយបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជំរុញនូវទំនាក់ទំនងលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យរីកចម្រើនយ៉ាងឆាប់រហ័ស។ តាំងពីពេលស្គាល់គ្នារហូតមកដល់ពេលបែកគ្នា លោកអ៊ុំ តែងយកចិត្តទុកដាក់ដល់រូបខ្ញុំ ភរិយា និងកូនៗ របស់ខ្ញុំ ដូចឪពុក និងកូន ជីតានិងចៅ។ ខ្ញុំនៅចាំបានថា នៅក្នុងគ្រាដែល ខ្ញុំលំបាកបំផុត ពេលកសាងកងទ័ពដំបូង លោកអ៊ុំបានផ្តល់នូវការឧបត្ថម្ភគ្រប់យ៉ាង ដើម្បីឲ្យកងទ័ពកម្ពុជា បានរីកធំធាត់យ៉ាងឆាប់រហ័ស។ លោកអ៊ុំមិនពិសារបារីទេ តែលោកអ៊ុំមិនភ្លេចផ្ញើបារីឲ្យខ្ញុំ ដោយសាអ៊ុំដឹងថា ខ្ញុំជាអ្នកជក់បារីច្រើន។ លោកអ៊ុំតែងផ្តល់យោបល់ឲ្យខ្ញុំថែសុខភាព។ ក្នុងឋានៈជាអ្នកនយោបាយមួយរូប និងជាមេបញ្ជាការកងទ័ពមួយរូប ខ្ញុំបានចាត់ទុកលោកអ៊ុំ ជាអ្នកកំពូលយុទ្ធសាស្រ្តលើផ្នែកយោធា និងនយោបាយ ដែលខ្ញុំពុំទាន់ជួបមនុស្សផ្សេងទៀត នៅតាមប្រទេសនានានៅឡើយ។ សូមគោរពលា និងជូនដំណើរ លោកអ៊ុំ ដោយក្តីអាឡោះអាល័យជាមួយនឹងទុក្ខដ៏ក្រៀមក្រំបំផុត។ ហាណូយ ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា " ៕